ក្រុម​បាល់បោះជិះរទេះ​នារីផ្នែកជនពិការ​របស់​​កម្ពុជា បាន​ធ្វើ​ឱ្យគ្រប់​គ្នា មើលឃើញ​យ៉ាងច្បាស់ពី​កម្រិតលេង​យ៉ាង​ល្អ​របស់ពួកគេ ដើម្បី​​ឈ្នះ​បាន​មេដាយ​ទី​១ ឱ្យ​កម្ពុជា នៅក្នុង​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅទី​ក្រុងសូឡូ​ ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​អាទិត្យ ចំណែកក្រុម​វាយកូន​ឃ្លីលើ​តុ ដណ្តើម​បាន​មេដាយសំរឹទ្ធ​១ ផងដែរ។

តាម​រយៈការ​ប្រកួតនេះ ​​ក្រុម​បាល់បោះជិះរទេះនារី​កម្ពុជា បាន​ឈ្នះ​គ្រប់ការ​ប្រកួតទាំង​អស់ ដើម្បី​បង្កើត​បាន​នូវ​កំណត់ត្រាជា​ប្រវត្តិសាស្រ្ត សម្រាប់ការ​ចូល​រួម ក្នុងការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម ជា​លើក​ដំបូង​របស់​ពួកគេ គឺ​​ការឈ្នះបានមេដាយមាស ចំពោះ​ការ​ប្រភេទ​កីឡា​បាល់បោះជិះរទេះ​លើ​វិញ្ញាសា​ ៣​នាក់​ទល់​៣នាក់​នេះ។

​តាម​រយៈការ​ប្រកួត ដែលពោរពេញ​ដោយ​ឆន្ទៈ​នេះ ក្រុម​បាល់បោះជិះរទេះនារី​កម្ពុជា បាន​​​យក​ឈ្នះ​លើក្រុមនារី​ឡាវ ដោយ​លទ្ធផល ១១-៥ សម្រាប់​ការ​ប្រកួតបើក​ឆាក​ កាលពី​ថ្ងៃ​សៅរ៍ ​ហើយកាល​ពី​ថ្ងៃ​អាទិត្យ​ ពួកគេ​បានបន្ត​យក​ឈ្នះ​លើ​ក្រុម​នារី​ជា​ម្ចាស់​មេដាយ​មាស​របស់ថៃ ៩-៨ និង​បន្ត​ឈ្នះ​ក្រុមនារី​ហ្វីលីពីន ១៨-០ ដើម្បី​ទទួលបានលេខ​១ ក្នុង​ការ​ប្រកួត​វិល​ជុំ។

ជាមួយការ​ឈ្នះទាំង​៣​ប្រកួតជាប់ៗ​គ្នានេះ ក្រុមនារី​កម្ពុជា ត្រូវ​ឡើងទៅ​ជួបក្រុម​នារី​របស់​ថៃ នៅ​វគ្គ​​ផ្តាច់ព្រ័ត្រ ជាថ្មី​ម្តងទៀត ហើយពួកគេ បានបន្ត​យក​ឈ្នះក្រុមអតីត​ម្ចាស់មេដាយមាស​របស់ថៃ ដោយ​លទ្ធផល ៧-៥ ដើម្បី​ទទួលបានមេដាយមាស​យ៉ាងមាន​មោទន​ភាព​បំផុត។

លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលជា​ប្រធានដឹកនាំ​ប្រតិភូ​កីឡាជនពិការ​កម្ពុជា សម្រាប់ការ​ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅ​ប្រទេស​ឥណ្ឌនេស៊ី​នេះ បាន​ស្រែកហ៊ោ​អបអរ​អស់ពីចិត្ត ចំពោះ​ការ​ឈ្នះបានមេដាយ​មាស​ទី​១ របស់ក្រុម​បាល់​បោះ​ជិះរទេះនារី​កម្ពុជា​នេះ។

ហើយភ្លាមៗ បន្ទាប់​ពីការ​ប្រកួតឈ្នះ​បាន​មេដាយមាស​​នោះ លោក ហ៊ុន ម៉ានី បាន​បង្ហោះសារអបអរ​បែបនេះ​​ថា៖ «អបអរសាទរកម្ពុជា ឈ្នះ​បាន​មេដាយ​​មាស​ដំបូង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី លើវិញ្ញាសារ​កីឡាបាល់បោះនារី ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​កីឡាការិនី​នៃ​ព្រះរាជា​ណាចក្រថៃ»។

ជាមួយគ្នា​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធាន​គណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិក បាន​បង្ហោះ​សារ​អបអរ​ដល់​ក្រុម​បាល់​បោះជិះ​រទេះ​នារី​កម្ពុជា ផងដែរថា៖​«អបអរ​សាទរកម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុម បាល់​បោះ​រទេះនារី ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុននេះបន្ដិច លើវិញ្ញាសា ៣នាក់ទល់៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី»។

លោក​បាន​បន្ថែម​ថា៖ «ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិនេះ ក្រុម​កីឡា​ការិនី​កម្ពុជា បានឆ្លងកាត់៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង៤ប្រកួត ពោលគឺ​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ បានយកឈ្នះក្រុមឡាវ ដោយពិន្ទុ ១១-៥ ឈ្នះក្រុមថៃ ៩-៨ និងឈ្នះក្រុមហ្វីលីពីន ដោយពិន្ទុ ១៨-០ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែល​កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ដោយ​ពិន្ទុ ៧-៥»។

ផ្ទុយពីនេះ ក្រុម​បាល់​បោះជិះ​រទេះបុរសកម្ពុជា បាន​ចាញ់​ក្រុម​​បុរស​ថៃ ១៦-៤ ​ឈ្នះក្រុមម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ៨-៥ និង​ចាញ់ក្រុមហ្វីលីពីន ២០-៤ ដោយមាន​​ឱកាស​​ប្រកួតដណ្តើម​យក​មេដាយសំរឹទ្ធដែរ ​ប៉ុន្តែ​ពួកគេ បានចាញ់​ក្រុម​​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ៩-៥ វិញ ហេតុ​នេះ​ពួកគេ មិនដណ្តើម​បានមេដាយ​ទេ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​វាយកូនឃ្លីលើ​តុ លើ​វិញ្ញាសា២x២ ប្រភេទ TT៣ គឺ​ក្រុម​​បុរស​វាយកូនឃ្លីលើតុកម្ពុជា ដណ្តើមបានមេដាយ​សំរឹទ្ធ​ចំនួន១​ផងដែរ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នោះ៕