លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ទុកការឈ្នះបានមេដាយសរុបចំនួន៣៣ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games 2022) នៅទីក្រុង Rotterdam នៅប្រទេសហូឡង់ថា ជាការលើកមុខមាត់ជាតិ និងរួមចំណែកលើកស្ទួយកិត្យានុភាពនគរបាលជាតិ នៅលើឆាកអន្តរជាតិ។
សម្រាប់ការប្រកួតអស់រយៈពេលជាង១០ថ្ងៃ នៅលើប្រភេទកីឡាចំនួន៩ ក្នុងព្រឹត្តិការណ៍ The 19th World Police and Fire Games 2022 នៅប្រទេសហូឡង់នេះ ក្រុមកីឡាករ កីឡាការិនីជានគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៣៣ ក្នុងនោះមានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ១០ ហើយជ័យជម្នះយ៉ាងធំនេះ បានជួយឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៥ក្នុងចំណោមប្រទេសចូលរួមជាង៧០នៅទូទាំងពិភពលោក។
សម្រាប់ការនាំយកមេដាយមទាំង៣៣គ្រឿង មកដល់មាត់ប្រទេសវិញ កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ ប្រតិភូកីឡានគរបាលជាតិ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ព្រោះមានការដង្ហែក្បួនរថយន្ត អមដោតម៉ូតូធំ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅវិមានឯករាជ មុនបត់ត្រឡប់មកជួបគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាមួយគ្នានេះ លោកអគ្គស្នងការនគរបាលជាតិនេត សាវឿន បានបង្ហាញការអបអរ និងរំភើបរីករាយខ្លាំង ទៅនឹងលទ្ធផល ការឈ្នះបានមេដាយយ៉ាងច្រើន ពីការការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់នេះ។
តាមរយៈលិខិតអបអរសាទររបស់ខ្លួន ជូនចំពោះថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនីនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា លោក នេត សាវឿន បានសរសេរថា៖ «តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីរំភើបរីករាយ និងអបអរសាទរ ចំពោះប្រតិភូអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២។
លោកបានបន្ថែមថា៖ «ជោគជ័យដ៏ត្រចះត្រចង់ ដែលទទួលបាននាឱកាសនេះ គឺជាមោទនភាពរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រជាជាតិទាំងមូល ហើយក៏បានស្តែងឱ្យឃើញអំពីការលះបង់ដ៏ធំធេង ឆ្លៀតពេលពីការបំពេញភារកិច្ចស្នូលក្នុងការរ៉ាប់រងសងភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យកអស់កម្លាំងកាយចិត្តប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ប្រឹងប្រែងហ្វឹកហាត់រហូតដល់ទទួលបានជោគជ័យជូនជាតិមាតុភូមិ រួមចំណែកលើកស្ទួយកិត្យានុភាពនគរបាលជាតិ នៅលើឆាកអន្តរជាតិ»៕