ក្រុមកីឡាករ កីឡាការិនីជនពិការកម្ពុជា គិតត្រឹមពេលនេះ បានឈ្នះមេដាយមាស លើសគោលដៅ ដែលបានដាក់ចេញហើយ ហើយចំនួនមេដាយសរុប ដែលពួកគេដណ្តើមបាន ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីនេះ ក៏បានបំបែកកំណត់ត្រាមេដាយ សម្រាប់ការចូលរួមប្រកួត ចំនួន៩លើក កន្លងមក ផងដែរ។
សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកនេះ លោក យី វាសនា ជានាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមនេះ បានដាក់គោលដៅ និងក្តីរំពឹងនៃការឈ្នះមេដាយមាស យ៉ាងត្រឹម៣ ប៉ុន្តែគិតត្រឹមពេលនេះ ក្រុមកីឡាជនពិការកម្ពុជា បានឈ្នះមេដាយមាសបានចំនួន៥ហើយ។
អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បញ្ជាក់ថា៖«គិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះ បានមេដាយមាស៥ មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦ ដូច្នេះមានន័យថា កម្ពុជាសម្រេចគោលដៅមេដាយលើសពីការរំពឹងទុក ខណៈការប្រកួត នៅវិញ្ញាសាមានសក្តានុពលជាច្រើនទៀត»។
នាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមរូបនេះ បានបន្តថា លទ្ធផលនេះ គឺជាកម្លាំងជំរុញលើកទឹកចិត្ត ដល់អត្តពលិកជនពិការឱ្យខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ឱ្យទទួលបានជោគជ័យ ។
ជាមួយគ្នានេះ ការឈ្នះមេដាយសរុបជាបណ្តុះអាសន្ន ចំនួន១៨គ្រឿង នៅអាស៊ានប៉ារ៉ាហ្គេម នាពេលនេះ ក៏បានបំបែកកំណត់ត្រា ការចូលរួមអាស៊ានប៉ារ៉ាហ្គេម ចំនួន៩លើកកន្លងទៅផងដែរ ព្រោះកាលឆ្នាំ២០០១ កម្ពុជាបានមេដាយត្រឹម៣គ្រឿង ឆ្នាំ២០០៣ បាន៩គ្រឿង ឆ្នាំ២០០៥ បាន៥គ្រឿង ឆ្នាំ២០០៧ បាន១គ្រឿង ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង ឆ្នាំ២០១៣ បាន៩គ្រឿង ឆ្នាំ២០១៥ បាន៩គ្រឿង និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧ ក្រុមកីឡាជនពិការកម្ពុជា ទទួលបានមេដាយសរុបចំនួន១០គ្រឿង៕