ក្រុមបាល់​បោះជិះរទេះ​​របស់​ថៃ បាន​នឹង​កំពុង​ឈាន​ទៅ​រក​ការ​ឈ្នះបានមេដាយ​មាស​​លើ​វិញ្ញាសា៥នាក់ទល់​៥នាក់ ទាំង​ផ្នែកបុរស និងនារី ខណៈ​ពួកគេ ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​នារី​កម្ពុជា និង​ក្រុមបុរសហ្វីលីន នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅ​​ប្រទេស​ឥណ្ឌូនេស៊ី។

វា​មិនមែនជា​លើក​ទី​១​នោះ​ទេ ដែលក្រុមបុរស និងក្រុម​នារី​របស់​ថៃ បាន​ឡើង​មក​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការប្រកួត​កីឡា​បាល់បោះ​ជិះរទេះនេះ ព្រោះ​ការ​ប្រកួត​លើ​វិញ្ញាសា​៣នាក់ទល់​៣នាក់កន្លងមកនេះ ក៏​ក្រុម​ថៃ បានឡើង​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ ទាំង​២​ក្រុម​ផងដែរ ប៉ុន្តែ​សម្រាប់​ក្រុមនារី គឺ​ថៃ បានចាញ់​ក្រុមនារី​កម្ពុជា ៧-៥ តែ​ក្រុមបុរស​របស់ប្រទេស​នេះ បាន​ឈ្នះក្រុម​បុរស​ហ្វីលីពីន ២១-១២ ដើម្បីឈ្នះ​បានមេដាយមាស​១ និង​ប្រាក់​១។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួត​វិញ្ញាសា​៥នាក់ទល់​៥នាក់នេះ ទាំង​ក្រុម​នារី និង​ក្រុម​បុរស​របស់​ថៃ សុទ្ធតែ​មាន​កម្រិត​លេង​ខ្លាំង និងបាន​ឈ្នះគ្រាប់ការ​ប្រកួត​ដូចគ្នា នៅក្នុង​វគ្គ​ជម្រុះ​​សន្សំពិន្ទុ មុន​នឹង​ឈាន​ឡើង​មក​ដល់វគ្គផ្តាច់​ព្រ័ត្រ​ នៅថ្ងៃសុក្រ​នេះ ដោយក្រុម​នោះ ក្រុម​នារី​ថៃ ជួបក្រុម​នារីកម្ពុជា នៅ​ម៉ោង​១១ព្រឹក ហើយក្រុមបុរស ត្រូវ​ប៉ះក្រុមហ្វីលីពីន នៅ​រសៀល​ម៉ោង​១។

សម្រាប់ការ​ប្រកួតផ្តាច់ព្រ័ត្រ​នេះ ត្រូវបានគេ​មើលឃើញ​ថា ក្រុម​ថៃ ទាំង​បុរស និង​នារី គឺ​មាន​ភាគ​រយខ្ពស់​ដូចគ្នា ក្នុងការ​ឈ្នះបាន​មេដាយមាស នៅលើ​វិញ្ញាសា​៥នាក់​ទល់​៥នាក់​នេះ ព្រោះ​នៅមុនការ​ឡើងដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃសុក្រ​នេះ ក្រុមនារី​ថៃ បានឈ្នះក្រុមនារី​កម្ពុជា ដោយ​លទ្ធផល ៤៧-២៩ នៅ​វគ្គជម្រុះ​ម្តង​ហើយ ហើយក្រុម​បុរស​ថៃ ក៏បាន​ឈ្នះក្រុម​បុរសហ្វីលីពីន ៩២-៣៩ ផងដែរ។

តាម​រយៈលទ្ធផលនេះ វាស្ទើ​បានបង្ហាញ​រួច​ទៅ​ហើយ​ថា ក្រុម​បុរស​​ថៃ នឹង​អាចឈ្នះក្រុម​ហ្វីលីពីន ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទទួល​បានមេដាយមាស លើ​វិញ្ញាសា​៥នាក់ទល់​៥នាក់នេះ បន្ថែម​ទៅលើ​វិញ្ញាសា​៣នាក់ទល់​៣នាក់ ដែលពេល​ដែល​ពួកគេ​យក​ឈ្នះ​លើ​វិញ្ញាសា​៣នាក់ទល់​៣នាក់​​ដែរ ប៉ុន្តែ​ក្រុមនារីកម្ពុជា អាច​នឹង​នៅមានឱកាស​ខ្លះ ក្នុងការ​ប្រជែង​ជាមួយ​ក្រុមនារី​ថៃ  ព្រោះ​ពួកគេ ក៏ចង់ឈ្នះ​មេដាយមាស ជា​លើក​ទី​២ ជូនកម្ពុជាដូចគ្នា ដើម្បី​ក្លាយជា​ក្រុម​ខ្លាំង​ជាង​គេ នៅអាស៊ាន លើប្រភេទ​កីឡាបាល់បោះជិះរទេះផ្នែកនារី​នេះ។

គួរបញ្ជាក់​ថា គិត​ត្រឹមព្រឹកថ្ងៃសុក្រ​នេះ ក្រុម​អត្តពលិកជនពិការកម្ពុជា ដណ្តើមបាន​មេដាយ​សរុបជាបណ្តោះ​អាសន្នចំនួន​​២៣​ហើយ ក្នុង​នោះ​មានមេដាយ​មាស៦ ប្រាក់៨ និងមេដាយ​សំរឹទ្ធ៩៕