បរទេស៖ លោក Christophe Galtier គ្រូបង្វឹក​ថ្មី​របស់ Paris Saint-Germain កាលពីថ្ងៃព្រហស្បតិ៍ បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Renato Sanches និង​បាននិយាយ​ថា លោកស​ង្ឃឹម​ថា នឹង​​ទទួល​បាន​កីឡាករ​ចំណូល​ថ្មី​៣នាក់ទៀត នៅមុន​ពេល​បិទ​ទីផ្សារ​ដោះដូរកីឡាករ​​។

លោក Galtier ដែល​ត្រូវ​បាន​តែង​តាំង​កាលពី​ខែមុន ដើម្បីជំនួសកន្លែង​របស់​លោក Mauricio Pochettino នោះ បាន​ដឹងថា ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Ligue 1 មួយនេះ បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​កីឡាករ​អន្តរ​ជាតិ​ព័រ​ទុយហ្គាល់ Vitinha ខ្សែ​ការ​ពារ​សញ្ជាតិ​បារាំង Nordi Mukiele និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Hugo Ekitike រួច​ជាស្រេច​។ ក្នុងនាម​ជាកីឡាករ​ចំណូល​ថ្មី​នៅកីឡដ្ឋាន Parc de Princes ខ្សែ​បម្រើ Sanches នឹង​ត្រូវ​ធ្វើ​ការ​ក្រោម​ការដឹកនាំ​របស់​លោក Galtier ម្តង​ទៀត ក្រោយពី​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​នឹង​រូប​លោក​រួចជាស្រេច នៅក្លិប Lille​។

សមា​ជិក​ឈ្នះ​ពាន Euro ឆ្នាំ​២០១៦ វ័យ​២៤​ឆ្នាំ​រូបនេះ បានចុះ​កិច្ច​សន្យា​មួយដែលមាន​សុពល​ភាព​រហូត​ដល់ឆ្នាំ​២០២៧​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប PSG​។ ក្រោយពី​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុងការ​បង្កើត​ការ​ភ្ញាក់​ផ្អើល​នៅ​ក្លិប Bayern Munich និង​បន្ទាប់​ពី​ចំណាយ​ពេល​ខ្ចី​ជើង​នៅក្លិប Swansea City របស់​ក្រប​ខ័ណ្ឌ​អង់គ្លេស Championship កីឡាករ​រូបនេះ ដែល​បាន​ចាប់​ផ្តើម​អាជីពនៅ Benfica បាន​ផ្ទេរ​ទៅកាន់​ក្លិប Lille ក្នុង​ឆ្នាំ​២០១៩ ដើម្បី​​សង្គ្រោះ​អាជីព​របស់​គេ​ឡើង​វិញ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia