បរទេស៖ ខ្សែ​ការ​ពារ​ចំណូល​ថ្មី Conor Coady របស់​ក្លិប Everton បានសន្យា​ថា «នឹង​ជួយ​ឲ្យ​ក្លិប​នេះ ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ» ក្រោយពី​បាន​បំពេញ​ការ​ខ្ចី​ជើង​ពេញ​១​រដូវកាល ពី​ក្លិប Wolves​។ លោក Bruno Lage បាន​យល់​ព្រម​ឲ្យ​​ប្រធាន​ក្រុម​របស់​លោក​​ចាក​ចេញ​ជា​បណ្តោះអាសន្ន​ដើម្បី​​​ឲ្យ​រូប​គេ​អាច​លេង​បាន​ជា​ទៀង​ទាត់ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ World Cup​។

Everton នឹង​មាន​ជម្រើស​ក្នុងការ​ទិញ​យក​ខ្សែ​ការ​ពារ​កណ្តាល​អន្តរ​ជាតិ​អង់​គ្លេស​រូបនេះ នៅ​ចុង​រដូវ​កាល​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្លិប Wolves បាន​​​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Gonçalo Guedes របស់​ក្លិប Valencia ក្លាយជា​កីឡាករចំណូល​ថ្មី​ទី​២​របស់​ពួក​គេ នៅ​រដូវក្តៅនេះ ក្នុង​តម្លៃខ្លួន​២៧,៥​លានផោន (ស្មើនឹង​៣៣លាន​ដុល្លារ​អាមេរិក)​។ Coady ដែល​​អភិវឌ្ឍ​ចេញពីក្រុម​យុវ​ជន​របស់ Liverpool នឹង​ពង្រឹង​តំបន់​ការ​ពារ​របស់ Everton ក្រោយពី Ben Godfrey បាន​ជួប​បញ្ហា​បាក់​ជើង​ ក្នុង​ពេលក្រុម​ខ្លួន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម Chelsea កាលពីថ្ងៃ​សៅរ៍​។

Coady បាន​ចូល​លេង​​រាល់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ទាំង​អស់​សម្រាប់​ក្រុម Wolves កាល​ពី​រដូវ​​កាល​មុន ប៉ុន្តែ បាន​ស្ថិត​ជា​កីឡាករ​បម្រុង​ ក្នុង​ពេល​ក្រុម Wolves បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Leeds កាល​ពី​ចុង​សប្តាហ៍​ថ្មី​ៗ​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian