ក្រុមបាល់​ទាត់ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ មិនអាច​ប្រើ​កម្លាំងចិត្ត ដែល​កើត​ចេញពីការ​យក​ឈ្នះក្រុម​អូស្រ្តាលី ដើម្បី​យក​ឈ្នះក្រុមយុវជនមីយ៉ាន់ម៉ា បាន​នោះ​ទេ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​ប្រចាំពូលC នៃ​​ពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

បើទោះបីជា ក្រុម​យុវជន​កម្ពុជា បានចាញ់​ក្រុម​ម៉ាឡេស៊ី ៣-០ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក ​ប៉ុន្តែ​ការ​យក​ឈ្នះ​ក្រុម​អូស្រ្តាលី ៤-២ នៅក្នុងការ​ប្រកួត​លើក​ទី​២ បាន​ក្លាយជា​កំណត់ត្រា​ដ៏​ល្អ​បំផុត ដែល​ធ្វើ​អ្នក​អ្នកគាំទ្រ មានការ​កោតសរសើរ​ខ្លាំង ទៅ​ដល់យុវជន​តំណាង​ឱ្យ​កម្ពុជា ទាំង​នេះ ព្រោះ​ការ​ប្រកួត​គ្រប់​កម្រិតអាយុ គឺ​កម្ពុជា ធ្លាប់​បានចាញ់​ក្រុម​អូស្រ្តាលី ងើប​មុន​មិនរួច​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ ក្រុម​យុវជន​កម្ពុជា មិនអាច​ប្រើកម្លាំង​ចិត្ត​នេះ ដើម្បី​បន្ត​យក​ឈ្នះក្រុម​មីយ៉ាន់ម៉ា បាន​នៅ​ទេ ដោយពួកគេ បានចាញ់​ ១-០ យ៉ាង​សោក​ស្តាយ​បំផុត សម្រាប់ការ​ប្រកួត កាលពី​ល្ងាច​ថ្ងៃ​ចន្ទ  ម្សិលមិញ។

តែ​ទោះបីជា​យ៉ាង​ណា ការចាញ់​របស់​ក្រុម​យុវជន​កម្ពុជា បាន​កើត​ឡើងដោយសារការ​បង្កើតកំហុស​ត្រឹម​១​បាល់ គឺការ​រុញ​ខ្សែ​ប្រយុទ្ធ​ឱ្យមីយ៉ាន់ម៉ា ឱ្យ​ដួល នៅ​ក្នុងតំបន់​គ្រោះ​ថ្នាក់ ​នាំ​ឱ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ទៅ​ឱ្យ​​ក្រុម​មីយ៉ាន់ម៉ា ហើយ​ប្រធានក្រុម Lin Htet Oo ជាអ្នក​ស៊ុត​បាន​សម្រេច នៅនាទីទី​៤៨។

បន្ថែម​ទៅលើ​ការ​ចាញ់នេះ ក្រុមយុវជន​កម្ពុជា កាន់តែ​មានការ​សោក​ស្តាយ​ខ្លាំង នៅពេល​ក្រុម​ខ្លាំង ម៉ាឡេស៊ី បាន​ទៅស្មើ ២-២ ជាមួយ​ក្រុម​អូស្រ្តាលី នោះ ព្រោះ​លទ្ធផលនេះ បាន​ជួយ​ឱ្យក្រុម​មីយ៉ាន់ម៉ា ទទួលបាន​លេខ​១ ក្នុងពូល​ C នេះ ដោយមាន​៧ពិន្ទុ និង​បានឡើង​ទៅ​កាន់​ការ​​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ក្រុម​ម៉ាឡេស៊ី ដែលឈរ​នៅលេខ​២ មាន​៥ពិន្ទុ បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ដូចគ្នា ព្រោះ​ពួកគេ មិនបានជាប់ជា​ក្រុម​លេខ​២​ល្អ​នោះ​ទេ គឺ​ក្រុម​លេខ​២​ល្អ បានទៅលើ​យុវជន​វៀតណាម ហេតុនេះ វៀតណាម ត្រូវ​ឡើង​ទៅជួបក្រុមលេខ​១​ពូល​B ថៃ នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយក្រុមមីយ៉ាន់ម៉ា ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ដែលទទួលបាន​លេខ​១ ក្នុង​ពូល​A ​ខណៈ​ការ​ប្រកួត​នេះ នឹង​ត្រូវ​ធ្វើ​នៅថ្ងៃទី​១០ ខែសីហានេះ៕