ក្រុម​ហុកគី​ជម្រើសជាតិនារី​កម្ពុជា បាន​រកឃើញ​ការឈ្នះជា​កំណត់ត្រាប្រវត្តិសាស្រ្ត​លើកដំបូង​របស់​ខ្លួន​ហើយ ពីការ​ប្រកួត​នៅលើ​ឆាក​អន្តជាតិ តាំងពីក្រុមតំណាង​ឱ្យកម្ពុជា មួយ​នេះ ត្រូវបានបថង្កើត​ឱ្យមានឡើង។

ការ​រកឃើញជ័យជម្នះ​ជា​កំណត់ត្រា​នេះ បាន​កើតមាន​ឡើង នៅ​ថ្ងៃ​ទី​៩ ខែសីហា​នេះ បន្ទាប់ពីក្រុមជម្រើស​ជាតិ​នារីកម្ពុជា បាន​យក​ឈ្នះក្រុម​នារី​ជម្រើសជាតិសិង្ហបុរី ដោយ​លទ្ធផល ៣-០ នៅក្នុងការ​ប្រកួត​ជម្រុះ​ក្នុងពូលB នៃព្រឹត្តិការណ៍ ASIA Cup ដែល​កំពុង​ធ្វើ​នៅ​​ទី​ក្រុងបាងកក ប្រទេសថៃ។

បើទោះបីជា​ក្រុម​នារី​​កម្ពុជា ​បានចាញ់​ក្រុមម៉ាឡេស៊ី ១៤-១ កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​សម្រាប់​ការ​យក​ឈ្នះក្រុម​សិង្ហបុរី ៣-០ នៅថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​លោក កាំង សុធា អគ្គលេខា​ធិការសហព័ន្ធកីឡាហុកគីកម្ពុជា អះអាង​ថា ជាជ័យជម្នះ​យ៉ាងសំខាន់ ដែល​ក្រុម​ហុកគីកម្ពុជា បានបំបែកឯតទ្ទកម្មខ្លួនឯង នៅលើ​ឆាក​អន្តរជាតិ។

លោក កាំង សុធា បាន​និយាយ​ថា៖​ «តាំង​ពីការកកើត​ឡើង​នៃ​ក្រុម​ហុកគី​ អស់រយៈ​ពេលចូល​​១០​ឆ្នាំ​មក​នេះ យើងមិន​ធ្លាប់​ឈ្នះ​ការ​ប្រកួត នៅលើ​ឆាក​អន្តរជាតិ នោះ​ទេអ៊ីចឹង​ជ័យជម្នះ​លើ​ក្រុម​ហុកគី​នារី​របស់​យើង នៅថ្ងៃ​នេះ វា​បានក្លាយ​ជា​លទ្ធផល​ឈ្នះ​លើកដំបូង ដែល​បានបំបែក​ឯតទ្ទកម្ម សម្រាប់សហព័ន្ធ​កីឡា​កីឡាហុកគី​កម្ពុជា​យើង»។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ ASIA Cup នៅប្រទេស​ថៃ​នេះ ក្រុមនារី​ហុកគីកម្ពុជា បាន​ឈរ​នៅពូល​B ជាមួយក្រុម​ម្ចាស់ផ្ទះ​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ខណៈពូល​A មានក្រុមប៉ាគីស្ថាន កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី និងក្រុម Chinese Taipei ហើយការ​ប្រកួត​នេះ វា​បានក្លាយជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ សម្រាប់ក្រុម​ហុកគីនារី​កម្ពុជា ក្នុងការ​ឈាន​ទៅប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ៕