ក្រុមកំពុងឈរនៅកំពូលតារាងទាំង៤ នៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា និងណាហ្គាវើលដ៍ សុទ្ធតែបានរក្សាការយកឈ្នះលើក្រុមលេងនៅលីគ២ ក្នុងការប្រកួតកាត់សេចក្តីជើងទី២ ដើម្បីកក់កៅអី នៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០២២។
សម្រាប់ការដណ្តើមបានកៅអី ឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ របស់ក្រុមលីគកំពូលកម្ពុជា ទាំង៤ខាងលើនេះ វាហាក់មិនមានតានតឹងពេកនោះទេ ក្នុងការទម្លាក់ក្រុមលីគ២ សៀមរាបអេហ្វស៊ី សូលទីឡូអង្គរ អាស៊ីអឺរ៉ុប និងអាយអេសអាយដង្កោសែនជ័យ ព្រោះកម្រិតលេង ហាក់នៅមានគម្លាតពីគ្នា។
យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ក្រុមកំពុងឈរនៅកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមលេខ២ បឹងកេត ហាក់មានសម្ពាធខ្លះផងដែរ ខណៈពួកគេ មិនអាចយកឈ្នះលើក្រុមសូលទីឡូអង្គរ និងអាយអេសអាយដង្កោសែនជ័យ ដោយគ្រាប់បាល់ដាច់ឆ្ងាយ នៅជើងទី១នោះ គឺស្វាយរៀង បានឈ្នះសូលទីឡូអង្គរ ត្រឹម ១-០ ហើយបឹងកេត បានឈ្នះក្រុមអាយអេសអាយដង្កោសែនជ័យ ២-០។
ប៉ុន្តែសម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ ស្វាយរៀង បានលត់ក្រុមសូលទីឡូអង្គរ ដល់៤គ្រាប់ ដើម្បីបញ្ចប់ការប្រកួតទាំង២ជើង ជាមួយការយកឈ្នះលើសូលទីឡូអង្គរ ៥-០ និងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាបន្តទៀត។
ចំណែកក្រុមបឹងកេត ហាក់មានភាពតានតឹងជាងមុន ក្នុងការយកឈ្នះក្រុមអាយអេសអាយដង្កោសែនជ័យ សម្រាប់ការប្រកួតជើងទី២នេះ គឺការឈ្នះ ៣-២ ដើម្បីធ្វើឱ្យការប្រកួតទាំង២ជើងរបស់ពួកគេ ឈ្នះ ក្នុងលទ្ធផល ៥-២។
ដោយឡែកក្រុមវិសាខា បានបន្តយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ៣-២ បន្ថែមទៅលើការឈ្នះ ៦-០ កាលពីជើងទី១ ធ្វើឱ្យពួកគេឈ្នះទាំង២ជើង ៩-២ ចំណែកក្រុមណាហ្គាវើលដ៍មិនអាចរកបានគ្រាប់បាល់បន្ថែមឡើយ គឺពួកគេ បានត្រឹមស្មើ ០-០ ជាមួយក្រុមអាស៊ីអឺរ៉ុប ប៉ុន្តែការយកឈ្នះ ៤-០ កាលពីជើងទី១ វានៅតែអាចជួយឱ្យពួកគេ មានប្រៀប និងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយដដែល៕