បរទេស៖ សហ​ព័ន្ធ​​កីឡា​បាល់ទាត់​អន្តរ​ជាតិ​​ហៅ​កាត់ថា FIFA បាន​សម្រេច​ជាផ្លូវ​ការ​ក្នុង​ការ​រៀប​ចំ​​ការ​ប្រកួត World Cup នៅ​ឆ្នាំ​នេះ ក្នុង​រយៈ​ពេល​១​ថ្ងៃ​មុន​ការ​គ្រោង​ទុក គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ដែលនេះ​ជា​ការផ្លាស់ប្តូរ​កាល​បរិច្ឆេទ​ដ៏កម្រ​មួយ ដើម្បី​អាច​ឲ្យ​ក្រុម​ម្ចាស់​​ផ្ទះ​កា​តា ចាប់​ផ្តើម​ការ​ប្រកួត​​មុន​គេ​។

ការិយាល័យ​ផ្នែក​អនុ​វត្តន៍​​ច្បាប់​របស់​អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​មួយនេះ បាន​អនុ​ម័ត​ជា​រួម​លើ​សេចក្តីសម្រេច​នេះ ស្រប​ពេល​ដែល​កា​តា បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​អ្នក​គាំទ្រ​ដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយសារ​តែ​ការផ្លាស់​ប្តូរ​នេះ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់ FIFA ក្នុង​សេចក្តីថ្លែ​ងការណ៍មួយ​។ ក្នុង​កម្ម​​វិធី​​ប្រកួត​ចាស់ ការ​ប្រកួត​រវាងក្រុម​ជម្រើស​ជាតិ​កា​តា និង​អេក្វាទ័រ ត្រូវ​បាន​គ្រោង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ប៉ុន្តែ ជំនួប​រវាង​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ និង​ហូ​ឡង់ នឹងក្លាយ​ជា​​ការ​ប្រកួត​​បើក​ឆាកនៅ​ថ្ងៃ​ដដែលនោះ​។

ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​អ៊ីរ៉ង់ នឹងក្លាយ​ជា​ការ​ប្រកួត​ទី​២​។ FIFA បាន​បញ្ជាក់​ថា៖ «ក្រុម​ម្ចាស់​ផ្ទះ​កាតា ពេល​នេះ នឹង​ត្រូវ​​ប្រកួត​ជា​មួយ​នឹង​អេ​ក្វាទ័រ នៅថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្នុង​ការ​ប្រកួត​ដាច់​ដោយ​ឡែក​តែ​ឯង​នៃ​ព្រឹត្តិ​ការណ៍​នេះ​»​។ FIFA បាន​បន្ថែម​ទៀត​ថា៖ «ការ​ប្រកួត​បើក​ឆាក និង​ការ​សម្ពោធ​ព្រឹត្តិការណ៍​​នៅ​ឆ្នាំ​នេះ នៅកីឡដ្ឋាន Al Bayt ត្រូវ​បាន​សម្រេច​រៀប​ចំ​មុន​១​ថ្ងៃ បន្ទាប់​ពី​សេចក្តី​សម្រេច​ជា​ឯក​ច្ឆន្ទ ដែលត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ក្រុម​ប្រឹក្សា FIFA នៅថ្ងៃនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia