បរទេស៖ លោក Thomas Tuchel និង​លោក Antonio Conte ត្រូវ​បាន​ចោទ​ប្រកាន់​ដូចគ្នា​ពី​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស ហៅ​កាត់ថា FA ពី​បទ​ប្រព្រឹត្ត​មិនសម​រម្យ ក្រោយពី​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​គ្រូបង្វឹក​ទាំង​២ កាលពីថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League រវាង​ក្រុម Chelsea និង Tottenham កាលពីថ្ងៃ​អាទិត្យ​។

គ្រូបង្វឹក​ទាំង២ បាន​រង​ពិន័យ​កាត​ក្រហម​ដូចគ្នា ក្រោយពី​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខឹង​សម្បារ បន្ទាប់​ពី​សំឡេង​កញ្ចែ​បញ្ចប់​​ការ​ប្រកួត នៅ​ពេល​ដែល Spurs បាន​រក​គ្រាប់​បាល់តាម​ស្មើ​ នៅនាទីទី​៦ នៃ​នាទី​​បន្ថែម​។ ទាំង​​លោក Tuchel និង​លោក Conte បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិនសមរម្យ​ដូចគ្នា​។

គ្រូបង្វឹក​ទាំង​២ មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​។ សហ​ព័ន្ធកីឡា​បាល់ទាត់​អង់គ្លេស បាន​ចេញសេចក្តីប្រកាស​កាលពីថ្ងៃ​ចន្ទ​ថា៖ «លោក Thomas Tuchel និង Antonio Conte បាន​រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​ ដោយ​សារ​តែ​​ការ​ប្រព្រឹត្ត​ស្មើសច្បាប់​របស់ FA បន្ទាប់​ពីការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League រវាងក្រុម Chelsea FC និង Tottenham Hotspur FC កាលពីថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២២​»​៕

 

ប្រភព​ព័ត៌​មាន៖ BBC