បរទេស៖ ក្លិប Tottenham បាន​បំពេញ​ការ​ផ្ទេរ​ខ្សែ​ការ​ពារ Destiny Udogie ក្នុងតម្លៃខ្លួន​១៥​លានផោន (ស្មើ​នឹង​១៨​លាន​ដុល្លារ​អាមេរិក) ពីក្លិប Udinese របស់ក្រប​ខ័ណ្ឌ Serie A​។ Udogie វ័យ​១៩​ឆ្នាំ បាន​យល់​ព្រម​លើ​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ស្រប​ពេល​ដែល​តម្លៃខ្លួន​នៃ​ការ​ផ្ទេរ​នេះ អាច​នឹងកើន​ឡើង​៣លានផោន​បន្ថែម​ទៀត បើ​បូក​​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អ៊ី​តាលី​អាយុ​ក្រោម​២១ឆ្នាំ​រូបនេះ ដែលទើប​តែ​បាន​ចូល​រូម​ជាមួយ​នឹង​ក្លិប Udinese ក្នុង​កិច្ច​សន្យា​ជា​អចិន្ត្រៃយ៍​នៅ​រដូវក្តៅនេះ នឹង​ត្រូវ​ខ្ចី​ជើង​ត្រឡប់​ទៅកាន់​អតីត​ក្លិប​របស់​គេ​វិញ​រហូត​ដល់បញ្ចប់​រដូវកាល​នេះ​។ ក្នុងនាម​ជា​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Udogie បាន​ស៊ុត​បាល់បញ្ចូល​ទី​៥គ្រាប់ និង​បាន​ជួយ​ឲ្យ​មិត្ត​​រួម​ក្រុមរក​បាន​៤​គ្រាប់​ផ្សេង​ទៀត ក្នុងការ​បង្ហាញខ្លួនក្នុង​ការ​ប្រកួតលីគ​​៣៥លើក សម្រាប់​ក្រុម Udinese កាលពី​រដូវកាល​មុន​។

Udinese បាន​​នាំ​យក Udogie ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពេញ​មួយ​រដូវ​កាល ​ពី​ក្លិប Hellas Verona កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១ និង​ត្រូវ​មាន​ការ​តព្វ​កិច្ច​​ទិញ​យក​រូប​គេ​ដាច់​នៅ​រដូវក្តៅ​នេះ ស្រប​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​នេះ ហើយ​រូប​គេ​ក៏​ស្ថិតក្នុង​ការ​ចាប់​​អារម្មណ៍​ពី​ក្លិប​ផ្សេង​ផងដែរ​។ Udogie គឺ​ជា​កីឡាករ​ចំណូល​ទី​៧​របស់ Tottenham បន្ទាប់​ពីការចូលរួម​របស់ Ivan Perisic, Richarlison, Fraser Forster, Yves Bissouma, Clement Lenglet និង Djed Spence​៕

 

ប្រភព​ព័ត៌​មាន៖ BBC