បរទេស៖ ពាណិជ្ជករអង់គ្លេស លោក Jim Ratcliffe គឺជាអ្នកឈ្មួញដ៏មានសក្តានុពលម្នាក់ក្នុងការទិញយក Manchester United ប្រសិនបើក្លិបបាល់ទាតយក្សអង់គ្លេសមួយនេះ ដាក់លក់នៅលើទីផ្សារ។
នេះបើយោងទៅតាមអ្នកនាំពាក្យម្នាក់នៃក្រុមហ៊ុនគីមី Ineos របស់មហាសេដ្ឋីរូបនេះ កាលពីថ្ងៃពុធ។ ក្រុមហ៊ុន Ineos បានឆ្លើយតបទៅនឹងព័ត៌មាននានាថា ម្ចាស់កម្មវិធីក្លិប Man United ជាពេលបច្ចុប្បន្ន ដែលជាសេដ្ឋីត្រកូល Glazer មានមូលដ្ឋាននៅអាមេរិក កំពុងតែពិចារណាលើការលក់ភាគហ៊ុនធំរបស់ខ្លួន ស្របពេលដែលក្រុមនេះ កំពុងតែស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League បន្ទាប់ពីការចាប់ផ្តើមដ៏ត្រដាបត្រដួសនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។
អ្នកនាំពាក្យដដែលរបស់ក្រុម Ineos បានប្រាប់កាសែត The Times ថា លោក Ratcliffe ដែលជាបុរសមានទ្រព្យធនជាងគេបំផុតនៅចក្រភពអង់គ្លេស នឹងត្រៀមកញ្ចប់ប្រាក់ដើម្បីទិញយកភាគហ៊ុន ដែលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលើក្លិបនៅ Old Trafford ទាំងមូល។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា៖ «ប្រសិនបើព័ត៌មាននេះគឺជាការពិត យើងនឹងចាប់អារម្មណ៍លើការពិភាក្សាលើភាពជាម្ចាស់កម្មសិទ្ធិរយៈពេលវែង»។ គ្រួសារត្រកូល Glazer ដែលបានទិញក្លិប Man United ក្នុងឆ្នាំ២០០៥ ក្រោមការទិញយកដោយអានុភាព និងបានធ្វើឲ្យក្លិបនេះធ្លាក់ចូលបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រូវបានចោទប្រកាន់ថា បានយកទ្រព្យសម្បត្តិរបស់ក្លិបចេញក្រៅ ជាងការបណ្តាក់ទុនលើការទិញចូលកីឡាករថ្មីៗ ឬការធ្វើការអភិវឌ្ឍឡើងវិញទៅលើកីឡដ្ឋាន Old Trafford របស់ក្លិប៕
ប្រភពព័ត៌មាន៖ Channel News Asia