បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំផែនការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយដើម្បីចុះហត្ថលេខាជាមួយនឹងតារាឆ្នើម Christian Pulisic របស់ក្លិប Chelsea នៅមុនពេលបិទទីផ្សារដោះដូរកីឡាករ។ បើយោងទៅតាមការចេញផ្សាយនានារបស់បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស ក្លិប Man United កំពុងតែពិចារណាលើការខ្ចីជើងខ្សែបម្រើស្លាបអន្តរជាតិអាមេរិករូបនេះ។
Pulisic កំពុងតែសង្ឃឹមថា អាចចូលលេងក្នុងជម្រើសដំបូងទៀងទាត់ជាងមុន នៅមុនពេលព្រឹត្តិការណ៍ World Cup នៅរដូវរងា។ Pulisic ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Atletico Madrid, Juventus និង Newcastle ផងដែរ ក្រោយបានផ្ទេរមកពីក្លិប Borussia Dortmund សម្រាប់តម្លៃខ្លួន៥៨លានផោន (ស្មើនឹង៧០លានដុល្លារអាមេរិក) កាលពី៣ឆ្នាំមុន។
ខ្សែបម្រើស្លាបអន្តរជាតិអាមេរិករូបនេះ មិនមានភាពរឹងមាំឲ្យគ្រប់គ្រាន់ឡើយ ស្របពេលដែលរូបគេក៏បានជួបបញ្ហារបួសជាបន្តបន្ទាប់ផងដែរ ហើយរូបគេបើកឲ្យមានការចាកចេញពីក្លិប Chelsea នៅមុនពេលទីផ្សារដោះដូរកីឡាករបិទ។ Man United ដែលបានជួបការចាប់ផ្តើមយ៉ាងត្រដាបត្រដួស ក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងតែបើកផ្លូវឲ្យ Pulisic ចាកចេញពីកីឡដ្ឋាន Stamford Bridge៕
ប្រភពព័ត៌មាន៖ Channel News Asia