បរទេស៖ ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​នាំ​យក​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Casemiro ខណៈ​ដែល​​គេ​រំពឹង​ទុកថា ក្លិប Real Madrid នឹង​​ទទួល​​សំណើ​ក្នុង​ទំហំទឹក​ប្រាក់​៦០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៦០,៥​លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ផ្សេងទៀត​។

ក្រុម​របស់​លោក Erik ten Hag សម្លឹង​​រក​ការ​នាំ​យក​កីឡាករ​ថ្មី​ៗ​ដើម្បី​ពង្រឹង​តំបន់​បម្រើ​​ជា​យូរ​មក​ហើយ​នៅ​រដូវក្តៅនេះ និង​​ចង់​បំពេញ​ការ​ផ្ទេរ​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​បាន​​ដាក់​សំណើ​ជាផ្លូវ​ការ​កាលពី​ល្ងាចថ្ងៃព្រហស្បតិ៍​។ តម្លៃខ្លួន​នៃ​ការ​ផ្ទេរ​នេះ​អាច​នឹង​កើន​ដល់​៧០​លាន​អឺ​រ៉ូ ប្រសិន​បើ​លក្ខខណ្ឌ​នានា​ ត្រូវ​បាន​បំពេញ​។ បច្ចុប្បន្ន ការ​ពិភាក្សា​នានា​ នឹង​ត្រូវ​​ជាមួយនឹង​​កីឡាករ​រូបនេះ ខណៈ​ដែល Man United ផ្តល់​កិច្ច​សន្យា​រយៈ​ពេល៤​ឆ្នាំ បូក​ទាំង​ជម្រើស​ក្នុងការ​បន្ត​នៅ​រយៈ​ពេល​១​រដូវ​កាល​ទៀត​ផង​ដែរ​។

កិច្ច​សន្យា​នា​ពេល​បច្ចុប្បន្ន​របស់ Casemiro នៅ​ក្លិប Real Madrid នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​។ លោក John Murtough នា​យក​ផ្នែក​​កីឡា​បាល់ទាត់​របស់ Man Utd កំពុង​តែ​ធ្វើកា​រ​ដោយ​ផ្ទាល់​​លើ​ការ​ផ្ទេរ​នេះ ក្រោយពី​ស្ថិត​ក្រោម​សម្ពាធ​​ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​ការ​ទិញ​កីឡាករ​ថ្មី​ៗ​មក​ទល់ពេលនេះ​។ ស្ថិតក្នុង​វ័យ​៣០​ឆ្នាំ Casemiro បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ៥លើក និង​ពាន​​​​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga ៤លើក ជាមួយនឹងក្លិប Real Madrid ក្រោយពី​ផ្ទេរ​មក​ពី​ក្លិប Sao Paulo កាលពីឆ្នាំ​២០១៣​៕

 

ប្រភព​ព័ត៌​មាន៖ The Gaurdian