បរទេស៖ អ៊ុយក្រេន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមរដូវកាលថ្មីនៃយុទ្ធនាការបាល់ទាត់របស់ខ្លួន បើទោះបីការឈ្លានពានរបស់រុស្ស៊ី នៅតែបន្តក៏ដោយ ដើម្បីព្យាយាមបង្កើនការជឿជាក់ដ៏ធំមួយចំពោះជាតិសាសន៍ ដែលខូចខាតដោយសារតែសង្គ្រាមមួយនេះ។
ក្នុងការប្រកួតគូទី១នៃក្របខ័ណ្ឌអ៊ុយក្រែន Premier League ក្រុម Shakhtar Donetsk បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Metalist 1925 មកពីទីក្រុង Kharkiv នាកីឡដ្ឋាន Olympiysky ក្នុងទីក្រុងគៀវ។ ក្នុងកម្មវិធីដ៏រំជួលចិត្តមុនពេលការប្រកួត កីឡាករនៃក្រុមទាំង២ និងអាជ្ញាកណ្តាលបានចូលទៅកាន់ទីលានប្រកួត ដោយយកទង់ជាតិអ៊ុយក្រែនរុំជុំវិញខ្លួនរបស់ពួកគេ និងបានលើកបដារមួយដែលរសរសេរថា «យើងទាំងអស់គ្នាមានសេចក្តីក្លាហានដូចគ្នា»។ កីឡាកររបស់ Shakhtar បានពាក់អាវយឺតដែលមានសរសេរអក្សថា «Donetsk អ៊ុយក្រែននឹងឈ្នះ» ពីលើអាវកីឡាកររបស់ពួកគេ ស្របពេលដែលកីឡាកររបស់ក្លិប Metalist បានពាក់អាវយឺតដូចគ្នាដែលសរសេរពាក្យថា «Kharkiv អ៊ុយក្រែននឹងឈ្នះ»។
បន្ទាប់ពីការប្រកួតនេះ កីឡាករ Taras Stepanenko ដែលជាប្រធានក្រុមរបស់ Shakhtar បាននិយាយថា៖ «រយៈពេល៩០នាទីពេញ ខ្ញុំបំភ្លេចអ្វីៗទាំងអស់ និងរីករាយនឹងការលេងបាល់ទាត់ ជាមួយនឹងអារម្មណ៍ដ៏រំជួលចិត្ត និងរំភើប ហើយខ្ញុំមានអារម្មណ៍ថា មានមោទនភាពណាស់»។ រុស្ស៊ី បានចាប់ផ្តើមធ្វើការឈ្លានពានពេញទំហឹងក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺ១ថ្ងៃ នៅមុនពេលរដូវកាលឆ្នាំ២០២១-២០២២ គ្រោងចាប់ផ្តើមដំណាក់កាលទី២របស់ខ្លួន។ ទីបំផុត រដូវកាលនោះ ត្រូវបានលុបចោល ខណៈដែលចំនួនអ្នកស្លាប់ ពីភាគីជម្លោះទាំង២ បានកើនឡើងឥតឈប់ឈរ៕
ប្រភពព័ត៌មាន៖ Channel News Asia