បរទេស៖ Rangers បានវិលទៅកាន់ក្របខ័ណ្ឌ Champions League វគ្គចែកពូលជាលើកទី១ ក្នុងរយៈពេល១២ឆ្នាំ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម PSV Eindhoven កាលពីថ្ងៃពុធ ស្របពេលដែលក្រុម Dinamo Zagreb ក៏បានឈ្នះកៅអីទៅវគ្គចាប់ឆ្នោតផងដែរ ក្រោយពីបានយកឈ្នះលើក្រុម Bodo/Glimt របស់ន័រវែស នៅនាទីបន្ថែម១៥នាទី២ដង។
ខ្សែប្រយុទ្ធ Antonio Colak គឺជាអ្នករកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមមានមូលដ្ឋាននៅ Glasgow មួយនេះ នៅនាទី ទី៦០ ក្រោយពីកីឡាករ Milik Tillam ដណ្តើមបានបាល់ពីខ្សែការពារ Andre Ramalho និងបានបញ្ជូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ ទៅឲ្យ Colak ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ Rangers បានឈានទៅប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន មុននឹងចាញ់ក្រោមស្នាដៃក្រុម Eintracht Frankfurt ហើយការវិលទៅកាន់វគ្គចែកពូលរបស់ពួកគេនៃក្របខ័ណ្ឌ Champions League បានបំពេញដំណើរប្រកួតដ៏អស្ចារ្យសម្រាប់ក្លិបរបស់ស្កុតឡេនមួយនេះ។
បច្ចុប្បន្ន Rangers នឹងធ្វើដំណើរទៅកាន់វគ្គចាប់ឆ្នោតនៅរាត្រីនេះ ក្រោយពីបានឈ្នះកៅអីទៅកាន់វគ្គចែកពូល ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១០។ កាលពី២ខែមុន Colak បានក្លាយជាសត្រូវរបស់អ្នកគាំទ្ររបស់ Rangers នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ សម្រាប់ក្រុម Malmo ដើម្បីជួយឲ្យក្រុមរបស់ស៊ុយអែតមួយនេះ យកឈ្នះលើក្រុម Rangers ក្នុងការប្រកួតជម្រុះជុំទី៣។ Colak បានប្រាប់ទូរទស្សន៍ BT Sport បានឲ្យដឹងថា៖ «វាពិតជាលំបាកក្នុងការរៀបរាប់ ប៉ុន្តែវាជាការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ។ វាជាការធ្វើដំណើរដ៏អស្ចារ្យ ដែលយើងមាននៅឆ្នាំនេះ ហើយខ្ញុំពិតជាមានមោទនភាពចំពោះកីឡាករទាំងងស់»៕
ប្រភពព័ត៌មាន៖ Channel News Asia