កីឡាករជម្រើសជាតិ លន បញ្ញា និង ឈុត សេរីវ៉ាន់ថង បានតាំងចិត្តខ្ពស់ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅលើទឹកដីប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៦ និងទី២៧ ខែសីហានេះ ចំណែក សោម វិឆ័យ ក៏បានរួមដំណើរទៅប្រកួត នៅលើទឹកដីសម្បូរដូងប្រេង នេះផងដែរ។
សម្រាប់ការប្រកួតនេះ ទាំងកីឡាករ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា សុទ្ធតែត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ដោយក្នុងនោះ វ៉ាន់ថង ប្រកួតក្នុងទម្ងន់៦១គីឡូក្រាម ចំណែក បញ្ញា ប្រកួតក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយ សោម វិឆ័យ ប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម។
នៅមុនការចេញដំណើរទៅកាន់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ កន្លងមកនេះ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម នៅប្រទេសវៀតណាម លន បញ្ញា និង ឈុត សេរីវ៉ាន់ថង សុទ្ធតែបានតាំងចិត្តខ្ពស់ក្នុងការវ៉ៃជាមួយថៃ ដើម្បីលើកមុខមាត់ «គុនខ្មែរ» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសម៉ាឡេស៊ីនេះ។
លន បញ្ញា បាននិយាយថា៖ «ខ្ញុំហ្វឹកហាត់ត្រៀមបានល្អ១០០ភាគរយ ហើយសម្រាប់ការចេញទៅលើនេះ ខ្ញុំត្រូវវ៉ៃតំណាងឱ្យគុនខ្មែរ ហេតុនេះខ្ញុំត្រូវតែខំប្រឹង ដោយប្តេជ្ញាចិត្តថា ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីដណ្តើមយកជ័យជម្នះជូនជាតិរបស់យើង»។
ចំណែក ឈុតសេរី វ៉ាន់ថង បាននិយាយថា៖ «តាមការមើលទៅលើវីដេអូប្រកួតរបស់គេ ឃើញថា កីឡាករថៃម្នាក់នេះ ល្អខាងឡាំ ជំហររឹង និងដៃរឺង ហើយខ្ញុំគិតថា អាចនឹងមានការពិបាកជាងកីឡាករថៃ ដែលខ្ញុំធ្លាប់បានជួបកន្លងមក ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយពីគុនខ្មែរ»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួត នៅប្រទេសម៉ាឡេស៊ីនេះ ទាំង ឈុត សេរីវ៉ាន់ថង និង លន បញ្ញា សុទ្ធតែមានការបារម្ភទៅលើបញ្ហាការហូបចុក នៅប្រទេសនេះ ដែលប្រើខ្លាញ់ច្រើន ហើយក្លិបម្ហូបអាហារ ពិបាកហូបចុក ហេតុនេះពួកគេបារម្ភថា អាចនឹងប៉ះពាល់ដោយកម្លាំង។
តែទោះបីជាយ៉ាងណា បើតាម លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ដែលជាប្រតិភូដឹកនាំក្រុមកីឡាករកម្ពុជា សម្រាប់ចេញទៅប្រកួតនេះ ជាមួយគ្រូបង្វឹកជម្រើសជាតិ សាន សៅយ៉ាន់ បានអះអាង តាមរយៈការឡាយផ្ទាល់ ក្នុងអំឡុងពេលហ្វឹកហាត់ កាលពីព្រឹកថ្ងៃពុធ ម្សិលមិញថា ទាំងការហូបចុក និងស្នាក់នៅ គឺខាងម៉ាឡេស៊ី បានទទួលដិតដល់ ដោយមានភាពស្តង់ដារ ចំណែកការហូបចុកប្រចាំថ្ងៃ គឺអាហារប៊ុហ្វេ ដែលមានច្រើនជម្រើស សម្រាប់កីឡាករយើង ហេតុនេះវាមិនមានការប៉ះពាល់ដល់កម្លាំងរបស់ពួកគេនោះទេ៕