ប្រធានអាជ្ញាកណ្តាលស៊ីហ្គេម លើផ្នែកកីឡាការ៉ាតេ លោក Mansour Saa Alsutan បានផ្តល់ទំនុកចិត្ត និងការជឿជាក់ទៅលើក្រុមការ៉ាតេកម្ពុជា ថា នឹងអាចដណ្តើមបានមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ជាលើកដំបូង។
ការផ្តល់ការជឿជាក់របស់លោក Mansour ទៅលើក្រុមការ៉ាតេកម្ពុជា ត្រូវបានធ្វើឡើង ក្នុងពេលលោកបានចូលរួមធ្វើជាគ្រូឧទ្ទេសនៃវគ្គអាជ្ញាកណ្តាល-ចៅក្រម រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពីថ្ងៃទី២៥ ខែសីហា ដោយវគ្គមានសិក្ខាកាមជាគ្រូបង្វឹក មន្រ្តីបច្ចេកទេស និងកីឡាករ កីឡាការិនីការ៉ាតេ ចំនួន២៥នាក់ បានចូលរួម។
លោក Mansour Saa Alsutan បានថ្លែងនៅចំពោះមុខសិក្ខាកាមទាំងអស់គ្នា នៅក្នុងពិធីបើកវគ្គនោះថា លោកនឹងចែករំលែកនៅជំនាញ ព័ត៌មាន និងឯកសារសំខាន់ ទាក់ទងទៅនឹងច្បាប់ទម្លាប់ និងបទបញ្ជាប្រកួតផ្សេងៗរបស់កីឡាការ៉ាតេ ដើម្បីជាចំណេះដឹងដល់សិក្ខាកាមរបស់កម្ពុជាទាំងនេះ ឱ្យមានការអភិវឌ្ឍនៅជំនាញ និងបច្ចេកទេសកម្រិតខ្ពស់។
គ្រូឧទ្ទេសអន្តរជាតិមកពីប្រទេសកូវ៉ែត លោក Mansour បានបញ្ជាក់ថា៖ «នៅពេលដែលអ្នកទាំងអស់គ្នា មានជំនាញកម្រិតខ្ពស់ហើយ គឺអ្នក នឹងទទួលបាននៅលទ្ធផលប្រសើរមួយ ពិសេសការឈានទៅដណ្តើមបានមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលមេដាយនោះ មិនមែនសម្រាប់តែអ្នកនោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិរបស់អ្នក ដោយខ្ញុំសង្ឃឹម និងជឿជាក់ថា អ្នកទាំងអស់គ្នា នឹងធ្វើបានសម្រេច»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានផ្តល់ទំនុកចិត្តខ្ពស់ទៅលើលោក Mansour ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹង ទាក់ទងទៅនឹងបទបញ្ជា និងលក្ខខណ្ឌប្រកួតផ្សេងៗ ដើម្បីធ្វើឱ្យសិក្ខាកាមទាំងអស់របស់កម្ពុជា មានការយល់កាន់តែច្បាស់។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ក្រោមការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសកម្រិតខ្ពស់ មកពីអន្តរជាតិ គឺវគ្គនេះ នឹងជួយឱ្យអាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនី ជាពិសេសគ្រូបង្វឹកការ៉ាតេកម្ពុជា មានការយល់កាន់តែច្បាស់ទៅលើបទបញ្ជា និងលក្ខខណ្ឌនៃការប្រកួតផ្សេងៗ ដើម្បីធ្វើឱ្យក្រុមការ៉ាតេកម្ពុជា មានភាពច្បាស់លាស់ និងមានទំនុកចិត្ត ក្នុងការឈានទៅរកការដណ្តើមបានមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣»។
លោក ចំរើន បានបន្ថែមថា៖ «លោក Mansour Saa Alsutan ដែលជាគ្រូឧទ្ទេសក្នុងវគ្គនេះ ជាប្រធានអាជ្ញាកណ្តាល ហើយលោកនឹងក្លាយជាប្រធានអាជ្ញាកណ្តាលសម្រាប់ស៊ីហ្គេមរបស់យើងតែម្តង អ៊ីចឹងយើងត្រូវយកចិត្តទុកដាក់ នៅក្នុងការសិក្សានេះ ដើម្បីទទួលបាននៅបទបញ្ជាប្រកួត របៀបរបបនៃការវិនិច្ឆ័យ និងការប្រកួតមួយប្រកបទៅដោយស្តង់ដារនៃសហព័ន្ធកីឡាការ៉ាតេពិភពលោក»។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា៖ «មិនមែនតែអាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីរបស់យើងនោះទេ ប៉ុន្តែកីឡាករកីឡាការិនី ក៏ត្រូវយកចិត្តទុកដាក់លើការសិក្សានេះ ព្រោះបើយើងយល់ច្បាស់ពីច្បាប់ និងបទបញ្ជាប្រកួត គឺយើងនឹងមានទំនុកចិត្ត ក្នុងការប្រើប្រាស់បច្ចេកទេសថា ត្រូវប្រើបច្ចេកទេសបែបណា ទើបបានពិន្ទុ ប៉ុន្តែបើយើងមិនបានដឹងទៅលើចំណុចទាំងអស់នេះ មានន័យថា យើងអត់មានយុទ្ធសាស្រ្ត ក្នុងការទទួលបានពិន្ទុល្អ អ៊ីចឹងនេះជាកត្តាសំខាន់ ដែលយើងត្រូវស្រូបយកចំណេះដឹង នៅវគ្គនេះឱ្យបានពេញលេញ»៕