បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែត្រៀមខ្លួនរួចរាល់ ដើម្បីទិញយក Antony ក្រោយពីបានយល់ព្រមបង់ប្រាក់ឲ្យក្លិប Ajax ចំនួន១០០លានអឺរ៉ូ (ស្មើនឹង៩៩,៤លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីលរូបនេះ ដែលត្រូវបានរំពឹងទុកថា នឹងចុះកិច្ចសន្យានៅថ្ងៃនេះ។
កាលពីសប្តាហ៍មុន ក្លិប Ajax របស់ហូឡង់ បានបដិសេធសំណើក្នុងទឹកប្រាក់៩០លានអឺរ៉ូ ដែលជាសំណើទី៣របស់ Man United សម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ ប៉ុន្តែ ការពិភាក្សានានា បានបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយ Man United បានទទួលជោគជ័យកាលពីថ្ងៃអាទិត្យ ក្រោយពីទទួលបានផ្លែផ្កាពីការពិភាក្សាជាបន្តបន្ទាប់។ គេបានយល់ឃើញថា Antony បានយល់ព្រមលើកុងត្រាដែលមានរយៈពេលរហូតដល់ឆ្នាំ២០២៧ ជាមួយនឹងជម្រើសក្នុងការបន្តចកិច្ចសន្យារយៈពេល១ឆ្នាំទៀត។
ផ្នែកចុងក្រោយនៃការចរចានេះ ផ្តោតលើរចនាសម្ព័ន្ធនៃការផ្ទេរនេះ ខណៈដែល Ajax កំណត់យកតម្លៃខ្លួន៩៥លានអឺរ៉ូ បូករួមទាំងប្រាក់ឧបត្ថម្ភ៥លានអឺរ៉ូផ្សេងទៀត។ Antony នឹងក្លាយជាកីឡាករចំណូលថ្មីទី៥របស់លោក Erik ten Hag និងជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទី២ក្នុងប្រវត្តិសាស្ត្ររបស់ Man United បន្ទាប់ពី Paul Pogba។ នេះក៏ជាតម្លៃខ្លួនខ្ពស់បំផុតដែលទទួលបានដោយក្លិបហូឡង់ផងដែរ។ លោក Ten Hag ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់លោក ស្របពេលដែលអ្នកចាត់ការទូទៅរូបនេះ ក៏មាន Jadon Sancho, Marcus Rashford, Anthony Elanga, Anthony Martial និង Cristiano Ronaldo ផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian