បរទេស៖ Barcelona បានកត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ La Liga ២លើកជាប់ៗគ្នា ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Real Valladolid នាកីដ្ឋាន Camp Nou កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ជាលើកទី២ ក្នុងការប្រកួត២លើកជាប់ៗគ្នា ខណៈដែលក្រុមរបស់លោក Xavi ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅ។
ជាមួយគ្នានេះ Karim Benzema ក៏បានស៊ុតបាល់បញ្ចូលទី២គ្រាប់ផងដែរ ដើម្បីសង្គ្រោះក្រុម Real Madrid។ Real Madrid បានជួបភាពត្រដាបត្រដួសអស់រយៈពេល៨៨នាទីនៅលើទឹកដីក្រុម Espanyol។ ស្របពេលដែលស្ថិតក្នុងលទ្ធផលស្មើ ហើយពេលវេលាកាន់តែជិតអស់ Benzema បានជួយឲ្យក្រុម Real មានគ្រាប់បាល់នាំមុខ នៅមុនពេលជួយឲ្យក្រុមដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ បន្ទាប់ពីមានការបន្ថែមពេលវេលាដល់ទៅ១០នាទី។
Real បានរក្សាការចាប់ផ្តើមយ៉ាងល្អនៅរដូវកាលនេះ និងបានឡើងទៅឈរលើកំពូលតារាងវិញ ដោយមាន៩ពិន្ទុ បន្ទាប់ពីការប្រកួត៣លើក ដោយនាំមុខលើក្រុម Real Betis តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទី។ ក្រុម Barcelona ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយ២ពិន្ទុ៕
ប្រភពព័ត៌មាន៖ BBC