ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម និងកីឡាករវ័យក្មេងចិត្តធំ ឡៅ សៃណេត សុទ្ធតែបង្ហាញពីចេតនា ចង់ផ្តួលកីឡាករបរទេសឱ្យសន្លប់ សម្រាប់ការបង្ហាញខ្លួនរួមគ្នា នៅលើសង្វៀនគុនខ្មែរជើងឯកពិភពលោក «World Fight Kun Khmer Series) ដែលនឹងត្រូវធ្វើនៅកីឡដ្ឋានស្តាតចាស់ ពីរសៀលម៉ោង៥ ដល់ព្រលប់ម៉ោង៧ ថ្ងៃពុធនេះ។
សម្រាប់ការប្រកួតចំនួន៥គូ ដែលត្រូវធ្វើនៅថ្ងៃពុធនេះ បឺត សង្ឃឹម ត្រូវដាក់ឱ្យប្រកួតជាមួយកីឡាករនេប៉ាល់ Gunaraja Ruchal ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ហើយនេះក៏ជាលើកទី២ផងដែរ ដែល បឺត សង្ឃឹម បានប្រកួតក្នុងកម្មវិធីនេះ ខណៈការប្រកួតខ្លួន លើកដំបូង គេបានយកឈ្នះកីឡាករថៃ ដោយពិន្ទុ។
បឺត សង្ឃឹម និយាយថា៖ «ខ្ញុំបានត្រៀមរួចរាល់ ទាំងកម្លាំង និងបច្ចេកទេស ហើយខ្ញុំក៏បានសិក្សាច្រើន ទៅលើដៃគូប្រកួតរបស់ខ្ញុំដែរ ដោយគេល្អដៃ ប៉ុន្តែសម្រាប់ទំនុកចិត្ត និងការជឿជាក់ គឺខ្ញុំនឹងធ្វើឱ្យបានល្អ ហើយការប្រកួតយើងតែងតែចង់បានជ័យជម្នះ»។
ម្ចាស់មេដាយមាស៊ីហ្គេម នៅប្រទេសវៀតណាម បឺត សង្ឃឹម បានបន្ថែមថា៖«ខ្ញុំគិតថា អ្នកដែលមកប្រកួត នៅក្នុងកម្មវិធីនេះ មិនងាយនឹងផ្តួលឱ្យសន្លប់នោះទេ ប៉ុន្តែចាំមើលជាក់ស្តែងសិន គឺបើអាចផ្តួលបាន យើងត្រូវតែផ្តួល ហើយខ្ញុំក៏បានមើលឃើញចំណុចចន្លោះប្រហោងរបស់គេច្រើនដែរ គ្រាន់តែមិនទាន់ច្បាស់ថា យើងធ្វើបានល្អដល់កម្រិតណា!»។
ចំណែកកីឡាករវ័យក្មេង ឡៅ សៃណេត ដែលត្រូវដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់ថៃ M-ONE Lumpinee ក្នុងទម្ងន់ ៥៣ គីឡូក្រាម បានអះអាងថា រូបគេចង់យកឈ្នះថៃម្នាក់នេះ ដោយការផ្តួលឱ្យសន្លប់ ដើម្បីរក្សាកំណត់ត្រាឈ្នះ ក្នុងការប្រកួតអន្តរជាតិ ជាលើកទី២ ខណៈការប្រកួតអន្តរជាតិ លើកទី១ នៅសង្វៀនថោន គេបានផ្តួលកីឡាករថៃឱ្យសន្លប់ ដោយប្រើពេលជាង២នាទី។
ឡៅ សៃណេត បាននិយាយថា៖ «តាំងពីបានចូលក្រុមជម្រើសជាតិ ពីថ្ងៃទី ១ ខែសីហា រហូតដល់ពេលនេះ ខ្ញុំហ្វឹកហាត់បានពេញល្អ ហើយនេះជាលើកទី ២ ដែលខ្ញុំបានប្រកួតអន្តរជាតិ។ ការប្រកួតលើកនេះ ខ្ញុំមិនទាន់ហ៊ានថា យ៉ាងម៉េចនោះទេ ប៉ុន្តែបើផ្តាច់បាន ខ្ញុំនឹងផ្តាច់ ព្រោះចិត្តរបស់ខ្ញុំ ចង់ឈ្នះដោយការផ្តួលដៃគូឱ្យសន្លប់ ជាបន្តទៀត»។
ចំណែកម្ចាស់មេដាយសំរឹទ្ធ២សម័យកាល ឡៅ ចិត្រា ដែលជាពូរបស់ ឡៅ សៃណេត ត្រូវប្រកួតជាមួយកីឡាករអ៊ីរ៉ង់ Daniel Yousefnezhag ក្នុងនាមជាគូសំខាន់ (Supper Fight) ក្នុងព្រឹត្តិការណ៍ World Fight ជាលើកទី៣នេះ ចំណែក រិន សារដ្ឋ ត្រូវបានដាក់ឱ្យប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ជាមួយកីឡាករឡាវ Khunphonnio Sor.Khamsing ដើម្បីរកអ្នកឈ្នះ ឡើងទៅប្រកួតនៅវគ្គបន្ត ហើយកីឡាការិនី សំ សំណាង និង លីន ស្រីម៉ៅ ត្រូវប្រកួតមិត្តភាព ក្នុងទម្ងន់ ៥៦ គីឡូក្រាម ក្នុងព្រឹត្តិការណ៍នេះដែរ៕