បរទេស៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា ប្រធានក្រុមគឺខ្សែបម្រើ Jordan Henderson បានរងរបួសសរសៃពួរនិងត្រូវប្តូរចេញនៅនាទីទី៧១ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Newcastle United កាលពីរាត្រីថ្ងៃពុធក្នុងលទ្ធផល២ទល់និង១ ។
ហង្សក្រហមបានវាយបកមួយគ្រាប់ យកឈ្នះនៅម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតក្រោយពី Alexander Isak ដែល រកគ្រាប់បាល់បញ្ចូលទីនាំមុខនៅនាទីទី៣៨ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្រោយផ្ទេរពី Real Sociedad ក្នុងតម្លៃកំណត់ត្រាក្លឹប។ទោះយ៉ាងណាRoberto Firmino បានរក្សាទម្រង់លេងដ៏ល្អ ដើម្បីតាមស្មើឱ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៦១មុនពេល Fabio Carvalho រកគ្រាប់បាល់បញ្ចូលទីដោយការAssist ពីMohamed Salahនាំអោយមានការសាទរយ៉ាងកងរំពង នៅទឹកដី Anfield ខណៈជ័យជម្នះនេះបានធ្វើឲ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥។
កីឡាករអន្តរជាតិអង់គ្លេស Henderson រូបនេះបានលេងគ្រប់ការប្រកួតសម្រាប់ក្លឹបនៅរដូវកាលថ្មីនេះនិងត្រូវ ធ្វើការវិនិច្ឆ័យពីរបួសដែលធ្វើអោយរូបគេអវត្តមានខណៈ Liverpool កំពុងស្ថិតនៅចំពេលមានវិបត្តិរបួសតំបន់ការពារក្រោយពី Thiago Alcantara, Naby Keita, Alex Oxlade-Chamberlain និង Curtis Jones សុទ្ធតែបន្តព្យាបាលរបួសនៅឡើយ៕
ប្រភពព័ត៍មាន៖ Sportskeeda