ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ បាន​បញ្ជាក់​យ៉ាងលម្អិត​ពីលក្ខខណ្ឌ ផ្តល់​សិទ្ធិ​ដល់​ក្លិប​ពី​ជម្រើស​ជើងឯក​កម្ពុជា​លីគ​២ (SCL) ឆ្នាំ​២០២២ ឡើង​ទៅកាន់​ជម្រើសរើសជើងឯក​ខេមបូឌាន​លីគ (លីគកំពូល) ឆ្នាំ​២០២៣-២០២៤ ដើម្បីស្រាយ​នៅ​ចម្ងល់ និងមន្ទិល​មួយចំនួន​របស់​អ្នកគាំ​ទ្រ។

តាមបទបញ្ជា និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត បាន​កំណត់​កន្លងមក គឺ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​១ និងលេខ​២ នៃ​លីគ​២ នឹង​ត្រូវ​ឡើងទៅលេខ​នៅ​លីគ​កំពូល​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ចំណែក​ក្រុម​លេខ​៣ នៃ​លីគ​២ ត្រូវ​ប្រកួតជម្រុះ​ជាមួយក្រុមលេខ​៨ ចុងក្រោយគេ នៃ​លីគកំពូល​កម្ពុជា ហើយក្រុម​ឈ្នះ ត្រូវ​ឡើងទៅ​លេង នៅលីគកំពូល គឺ​មាន​ន័យ​ថា ការ​ប្រកួត​លីគកំពូល រដូវ​កាល​ឆ្នាំ​២០២៣-២០២៤ ត្រូវ​កើន​ដល់​១០​ក្លិប​វិញ។

ប៉ុន្តែតាម​លក្ខខណ្ឌ​ផ្តល់សិទ្ធិដល់​ក្លិប​លេង​នៅលីគ​២ ឡើងទៅលេង​ នៅលីគកំពូល ដែល​ក្រុម​​​ហ៊ុន​​ខេមបូឌានព្រីមៀរលីគ បានកំណត់​លើកនេះ គឺបាន​ផ្តោត​ខ្លាំង​ទៅ​លើ​ក្លិប ដែល​បាន​បំពេញ​​អាជ្ញាបណ្ណ​ក្លិប​ពេញ​លេញ ​មាន​ន័យ​ថា ក្លិប​ដែលមិនបានបំពេញ​អាជ្ញាបណ្ណ​ក្លិប នឹង​មិន​បាន​​លេង នៅលីគ​កំពូល​កម្ពុជា​ នោះទេ បើទោះបីជា​ក្លិប​នោះ ទទួលបានលេខ​១ ឬ​លេខ​២ នៅលីគ​២ ក៏​ដោយ។

ជាមួយគ្នា​នេះ ក្លិប​លេង​នៅលីគ២ ដែលជាបុត្រសម្ព័ន្ធ ឬមាន​ម្ចាស់ និងអ្នក​គ្រប់​គ្រង​ជាមួយគ្នាក្លិប​ណា​មួយ នៅលីគកំពូល ក៏មិនត្រូវបាន​អនុញ្ញាត​ ឬដាក់ឱ្យ​ទាំង​២​ក្លិប នៅ​លីគ​កំពូលកម្ពុជា ជាមួយគ្នា​នោះដែរ គឺ​ត្រូវ​មាន​មួយ លេង​នៅលីគកំពូល និង​១​ទៀត​ ធ្លាក់មក​លេង នៅ​លីគ​២ ហើយ​រាល់ការ​បែង​ចែកនេះ ត្រូវបា​ន​បញ្ជាក់​យ៉ាង​លម្អិត នៅ​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ៕​