សម្រាប់ក្រុមយក្សក្នុងវិស័យកីឡាបាល់ទាត់ដូចជាអ៊ីតាលី រយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខនេះ អាចនឹងក្លាយជាសុបិនអាក្រក់មួយ ខណៈដែលពួកគេនឹងត្រូវធ្វើការប្រកួតពីរជើងដ៏សំខាន់ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ដើម្បីគេចឲ្យផុតពីភាពអាម៉ាស់នៃការអវត្តមានក្នុងយុទ្ធនាការ World Cup ជាលើកទី១ ក្នុងរយៈពេល ៦០ឆ្នាំ។

ការលើកឡើងថា «ការប្រកួតព្រឹត្តិការណ៍ World Cup ដោយគ្មានអ៊ីតាលី មិនមែនជា World Cup ឡើយ» បានក្លាយជាឃ្លាដ៏មានប្រជាប្រិយភាពរបស់ប្រជាជនអ៊ីតាលីជាច្រើន ខណៈដែលពួកគេកំពុងតែស្ថិតក្នុងការព្រួយបារម្ភ ចំពោះការធ្លាក់ទម្រង់លេងរបស់ក្រុមរបស់ពួកគេ បើទោះបីអ៊ីតាលី ជាក្រុមម្ចាស់ជើងឯកពិភពលោក ៤សម័យកាលក៏ដោយ។ ពេលវេលាចុងក្រោយដែលក្រុមជម្រើសជាតិអ៊ីតាលី បានអវត្តមានក្នុងព្រឹត្តិការណ៍ World Cup គឺកាលពីឆ្នាំ១៩៥៨ ដែលត្រូវបានរៀបចំឡើងក្នុងប្រទេសស៊ុយអែត។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Gian Piero Ventura គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានការជឿជាក់ខ្ពស់ថា ក្រុមរបស់លោកនឹងឈ្នះកៅអីទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើការប្រជែងដណ្តើមពាន World Cup ជាលើកទី ៥នៅឆ្នាំក្រោយ។ គ្រូបង្វឹករូបនេះ ដែលបានចូលកាន់តំណែងពីលោក Antonio Conte បន្ទាប់ពីព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦នោះ បានឲ្យដឹងថា៖ «ខ្ញុំមិនគិតសូម្បីតែទៅលើការមិនអាចឈ្នះកៅអីទៅវគ្គបន្ត។ ពិតណាស់ យើងនឹងទៅប្រទេសរុស្ស៊ី»។

ស្របពេលជាមួយគ្នានេះ ខ្សែការពារពោរពេញដោយបទពិសោធ Leonardo Bonucci បាននិយាយថា៖ «យើងជាអ៊ីតាលី ហើយការអវត្តមានក្នុង World Cup មិនមែនជាជម្រើសមួយឡើយ»។ ក្រុមជម្រើសជាតិអ៊ីតាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ក្នុងពូលប្រកួតជម្រុះរបស់ពួកគេ បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយពីចាញ់ក្រុមជើងខ្លាំងមួយនេះ ៣-០ ហើយអីុតាលី ក៏បានយកឈ្នះលើក្រុមអ៊ីស្រាអែល ទាំងលំបាក ១-០ ហើយស្មើ ១-១ ជាមួយនឹងក្រុមម៉ាសេដ្វាន និងផ្តួលក្រុមប៊ុលហ្គារី ១-០។ ការប្រកួតនេះនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24