ការការពាន Asian Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ត្រូវបានផ្តល់ឧបស័គ្គដ៏ធំមួយ ខណៈដែលខ្សែបម្រើ Aaron Mooy របស់ក្លិប Huddersfield នឹងត្រូវអវត្តមានក្នុងយុទ្ធនាការនេះ ក្រោយពីវិភាគទី២ ទៅលើបញ្ហារបួសជង្គង់ ត្រូវបានប្រកាសថា មានកម្រិតកាន់តែធ្ងន់។
Mooy បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ប៉ុន្តែ បានរងរបួសត្រង់សរសៃជង្គង់ស្តាំរបស់គេ ក្នុងពេលប្រកួតជាមួយនឹងក្រុម Arsenal កាលពីដើមខែនេះ។ ដំបូងឡើយ Huddersfield បានប្រកាសថា រូបគេនឹងអវត្តមានរហូតដល់ខែកុម្ភៈ ប៉ុន្តែ ដោយសារតែរូបគេជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់អូស្ត្រាលី ទើបបានជាពួកគេបានបញ្ជាក់ថា នឹងរង់ចាំការវិភាគទី២ ពីក្រុមឯកទេសឯករាជ្យមួយ។
លោក Graham Arnold គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាពិតជាខកចិត្តណាស់ក្នុងការបាត់បង់ Aaron សម្រាប់យុទ្ធនាការនេះ។ ប៉ុន្តែ វាពិតជាសំខាន់ណាស់ក្នុងការស្វែងរករាល់ជម្រើសទាំងអស់ក្នុងការធ្វើឲ្យ Aaron ស្ថិតលើទីលានសម្រាប់អូស្ត្រាលី នៅអ៊េមីរ៉ាតអារ៉ាប់រួម»។ Mooy ត្រូវការពេលវេលាយ៉ាងហោចណាស់១ខែទៀត ដើម្បីជាសះស្បើយ ហើយស្របពេលដែលពាន Asian Cup នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា លោក Arnold បានសម្រេចចិត្តថា វាមិនមានតម្លៃឡើយក្នុងការប្រថុយប្រើប្រាស់រូបគេ។ គ្រូបង្វឹករូបនេះ បានឲ្យដឹងថា៖ «ក្នុងករណីនេះ មានន័យថា រូបគេនឹងមនអាចលេងបានឡើយរហូតដល់វគ្គ៨ក្រុមចុងក្រោយ»។ អូស្ត្រាលី ស្ថិតក្នុងពូល B រួមជាមួយនឹងហ្សកដានី ស៊ីរី និងប៉ាឡេស្ទីន៕
ប្រភព៖ Channel News Asia