ខ្សែប្រយុទ្ធ Mario Balotelli បានបង្ហាញស្ទីលថ្មីនៃការអបអរការរកបានគ្រាប់បាល់បញ្ចូលទីរបស់គេ កាលពីថ្ងៃអាទិត្យ ខណៈដែលរូបគេបានថតវីដេអូ Selfie ជាមួយនឹងមិត្តរួមក្រុមនៃក្រុម Marseille របស់គេ និងបានបង្ហោះវីដេអូនោះនៅលើបណ្តាញសង្គម អំឡុងពេលក្រុមរបស់ខ្លួនបានទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Saint-Etienne។

ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះ បានរកគ្រាប់បាល់ទី៤របស់គេក្នុងការប្រកួត ៦លើកនៃក្របខ័ណ្ឌ Ligue1 ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Marseille ពីក្លិប Nice កាលពីខែមករា តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់របស់ Florian Thauvin នៅនាទី ទី១២។ លោក Jean-Louis Gasset គ្រូបង្វឹករបស់ក្រុម Saint-Etienne បានឲ្យដឹងថា៖
« Balotelli ទទួលយកសម្ពាធ រូបគេបង្កើតឲ្យមានការចាប់អារម្មណ៍។ រូបគេរំឭកឲ្យខ្ញុំនឹកឃើញពីខ្សែប្រយុទ្ធ (Zlatan) Ibrahimovic ហើយរូបគេបានស៊ុតបាល់បញ្ចូលទី១គ្រាប់ដូចទៅនឹង Ibrahimovic ដែរ»។
លោកបានបន្ថែមទៀតថា៖
«រូបគេបានបង្កើតឲ្យមានការចាប់អារម្មណ៍ពីសាធារណៈជនវិញ និងការជឿជាក់ ហើយមិត្តរួមក្រុមជាច្រើនរបស់គេ នឹងបង្កើនកម្រិតលេងរបស់ពួកគេ»។

ស្របពេលដែលរូបគេបានអបអរការរកបានគ្រាប់បាល់ដ៏ល្អរបស់គេ Balotelli បានយកទូរស័ព្ទពីអ្នកថតរូប នៅខាងក្រោយទី នៅមុនពេលថតវីដេអូជាមួយនឹងមិត្តរួមក្រុមដែលស្ថិតក្នុងទឹកមុខរីករាយរបស់គេ និងបានបង្ហោះនៅលើបណ្តាញសង្គម Instagram។ ក្រោយមក ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានយំ ក្នុងពេលកំពុងតែបន្តការលេង។ រូបគេមិនមែនជាកីឡាករតែម្នាក់ក្នុងការអបអរដោយការថត Selfie ឡើយ ក្រោយពីតារាឆ្នើម Francesco Totti របស់ Roma បានថតរូបរបស់គេ ក្រោយពីបានស៊ុតបាល់បញ្ចូលទីក្នុងពេលប្រកួតជាមួយនឹងក្រុម Lazio កាលពីឆ្នាំ២០១៥៕
អត្ថបទដោយ៖ Cambosport
ប្រភព៖ Channel News Asia
