លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានសាទរដល់ក្រុមរបស់លោកសម្រាប់ការរក្សានូវភាពរឹងមាំចំពោះការវាយសម្រុករបស់ក្រុម Borussia Dortmund ដើម្បីផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអង្គារ និងឈ្នះទាំង២ជើង ៤-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី២របស់ខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្រុម Spurs ឈ្នះកៅអីទៅលេងក្នុងវគ្គ៨ក្រុមចុងក្រោយជាលើកទិ១ ក្នុងចំណោមការដឹកនាំរយៈពេល៥ឆ្នាំរបស់លោក Pochettino ប៉ុន្តែ គ្រាប់បាល់នោះបានកើតឡើង ក្រោយពីការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Hugo Lloris ជាបន្តបន្ទាប់ នៅមុនពេលសម្រាកតង់ទី១ ដើម្បីរារាំងមិនឲ្យក្រុម Dortmund បំពេញការវាយបកវិញ។

លោក Pochettino បានឲ្យដឹងថា៖ «វាពិតជាអស្ចារ្យណាស់។ ការងារបានបំបេញបញ្ចប់ហើយ។ យើងកំពុងតែស្ថិតក្នុងវគ្គ៨ក្រុមចុងក្រោយហើយ។ ខ្ញុំគិតថា វាពិតជាការទទួលបានជ័យជម្នះដ៏សំខាន់នៅរាត្រិនេះ។ ក្នុងតង់ទី១ យើងមានបញ្ហាបន្តិច ប៉ុន្តែ កីឡាបាល់ទាត់គឺជាការរងនូវការលំបាកជាមួយ ហើយយើងពិតជាស័ក្តិសមក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «Hugo ពិតជាធ្វើបានយ៉ាងល្អ។ យើងបានបណ្តោយឲ្យមានឱកាសជាច្រើនជាងដែលយើងបានរំពឹងទុក ប៉ុន្តែ នោះហើយគឺជាកីឡាបាល់ទាត់។ ប្រភេទនៃការប្រកួតបែបនេះ នៅពេលដែលអ្នកផ្តួលពួកគេ ៣-០ ក្នុងជើងទី១ គឺពិតជាលំបាកណាស់។ ពួកគេគ្មានអ្វីត្រូវចាញ់ឡើយ»។
គ្រាប់បាល់ទី១៤របស់ Kane ក្នុងការបង្ហាញខ្លួនត្រឹមតែ១៧លើកក្នុងក្របខ័ណ្ឌ Champions League ក៏បានធ្វើឲ្យរូបគេក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេគ្រប់ពេលទាំងអស់របស់ក្លិបក្នុងយុទ្ធនាការនេះផងដែរ៕
ប្រភពព័ត៌មាន៖ Cambosport
