លោក Ronald Koeman អ្នកចាត់ការទូទៅក្រុមជម្រើសជាតិហូឡង់រូបនេះបានសម្តែងការព្រួយបារម្ភចំពោះតួនាទីរបស់ Matthijs de Ligt មុនពេលការប្រកួតជាលក្ខណៈអន្តរជាតិសម្រាប់ក្រុមនិងចាប់ផ្តើមនៅខែកញ្ញា ក្រោយនេះ។ Koeman គ្រូបង្វឹក ដែលបានដឹកនាំហូឡង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Nations League បានបញ្ជាក់យ៉ាងច្បាស់ថាឱកាសរបស់ Matthijs de Ligt ក្នុងការរក្សាតំណែងជម្រើស ១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិអាចនឹងថមថយ ប្រសិនជារូបគេនៅតែបន្តអង្គុយក្នុងនាមកីឡាករបម្រុងសម្រាប់ក្រុមការពារតំណែងជើងឯក SerieA បែបនេះបន្តទៀត។

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានផ្លាស់ពី Ajax ទៅ Juventus ក្នុងតម្លៃ ៦៨លានផោន (៨៤ លានដុល្លារ) កាលពីខែកក្កដា ក្រោយចំណាយពេល ១១ឆ្នាំនៅជាមួយក្លិបយក្សហូឡង់។ De Ligt ទទួលបានការចាប់អារម្មណ៏ខ្លាំងបំផុតពីក្លឹបធំៗ កាលពីរដូវកាលចាស់មាន Man.United, Barcelona ជាដើម ប៉ុន្តែទីបំផុត រូបគេសម្រេចផ្លាស់ទៅលីកកំពូលអ៊ីតាលី។

De ligt មិនបានចូលលេងទាល់តែសោះ ទោះអង្គុយកៅអីបម្រុងនៅពេល Juventus ផ្តួលម្ចាស់ផ្ទះ Parma ១-០ កាលពីថ្ងៃសៅរ៍ សប្តាហ៏មុនហើយសូម្បីតែរូបគេផ្ទាល់ក៏ទទួលស្គាល់ថាជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ របស់លោក Maurizio Sarri ស្របពេលខ្សែការពារជើងចាស់ Leonardo Bonucci និង Giorgio Chiellini ចូលលេងបាន ៩០នាទីពេញ និងរកបានគ្រាប់បាល់ជ័យជំនះនៅនាទីទី២១ នៃការប្រកួត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ goal