រូបភាពគ្រូបង្វឹកជម្រើសជាតិវៀតណាម Park Hang-seo ឈ្លោះប្រកែកគ្នាជាមួយអ្នកគាំទ្រឥណ្ឌូណេស៊ីត្រូវបានចុះផ្សាយនៅលើបណ្តាញសារពត៌មាន និងលេចចេញតាមប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីរូបលោកបានប្តឹងតវ៉ាក្រោយទទួលបានកាតក្រហមជាមួយអាជ្ញាកណ្តាល អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់បុរសស៊ីហ្គេមឆ្នាំ២០១៩ កាលពីម្សិលមិញ។

លោក Seo បានឈ្លោះប្រកែកគ្នាជាមួយអ្នកគាំទ្រ បន្ទាប់ពីគាត់ត្រូវបានអាជ្ញាកណ្តាលបញ្ជាឱ្យដើរចេញពីទីលាន ក្រោយពីអាជ្ញាកណ្តាលបដិសេធមិនផ្តល់បាល់ពិន័យ Freekick ដល់ក្រុមវៀតណាមរបស់គាត់ បន្ទាប់ពីកីឡាករឥណ្ឌូនេស៊ីបង្កកំហុសលើកីឡាករង្វៀនទុងហ្វាង។

បុរសវ័យ ៦០ឆ្នាំសញ្ជាតិកូរ៉េខាងត្បូងរូបនេះមិនបាននៅអបអរសាទរជាមួយកូនក្រុមកំលុង ពេលវៀតណាមបានឈ្នះមេដាយមាសលើកដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយយកឈ្នះឥណ្ឌូនេស៊ីចុងក្រោយបំផុតនៅឆ្នាំ១៩៩៣ ខណៈដែលរូបលោក Seo អាចនិងទទួលវិន័យបន្ថែមទៀតក្រោយបង្កបញ្ហាជាមួយអ្នកគាំទ្រភាគីគូបដិបក្សនេះ។