កាំភ្លើងធំ Arsenal បានចុះកុងត្រាខ្ចីជើងខ្សែការពារព័រទុយហ្កាល់ Cedric Soares ពីក្លឹប Southampton រហូតដល់ចប់រដូវកាល ​២០១៩-២០២០នេះ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាង ១០០ ដងក្រោយផ្ទេរមកកាន់ទឹកដី St.Mary’s Stadium នៅឆ្នាំ ២០១៥ ។

Cedric ក៏បានបង្ហាញខ្លួនចំនួន ៣៣ ដងសម្រាប់ជម្រើសជាតិ និងបាន ចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ និងក្នុងយុទ្ធនាការ Euro ឆ្នាំ ២០១៦ សម្រាប់ម្ចាស់ជើងឯកព័រទុយហ្កាល់ផងដែរ។

Cedric ដែលបានចាប់ផ្តើមអាជីពជាមួយ Sporting Lisbon បានក្លាយជាកីឡាករទី ២ របស់ក្រុម Arsenal ក្នុងរដូវកាលដោះដូរកីឡាករខែមករាបន្ទាប់ពីក្រុមក៏បានខ្ចីជើងខ្សែការពារ Pablo Mari ពីក្លឹប Flamengo នៅលីគកំពូលប្រេស៊ីលផងដែរ។

ជាមួយគ្នានេះខ្សែការពារសញ្ជាតិជប៉ុន Maya Yoshida របស់ Southampton បានចូលរួមជាមួយក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងនៅសល់នៃរដូវកាលនេះដោយកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ៕

ប្រភព:BBC