សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់នានា អាចបើកទីផ្សារដោះដូរកីឡាកររបស់ខ្លួនបាន នៅមុនពេលរដូវកាលបច្ចុប្បន្ន បញ្ចប់ ក្រោមច្បាប់ដែលត្រូវបានធ្វើវិសោធនាកម្មជាបណ្តោះអាសន្ន។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ក៏បានប្រកាសផងដែរថា ក្លិបនានាអាចចុះឈ្មោះកីឡាករថ្មីបាន និងអាចលេងឲ្យក្លិបរហូតដល់ទៅ៣ក្លិប មិនមែន២ដូចមុនឡើយ ក្នុងរដូវកាលតែមួយ។FIFA បានអនុម័តទៅលើវិសោធនកម្មច្បាប់ជាបណ្តោះអាសន្នជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗក្នុងកម្មវិធីកីឡាបាល់ទាត់ ដែលត្រូវបានបង្ករឡើងដោយវីរុសកូរ៉ូណា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សេចក្តីណែនាំថ្មីនេះ ក៏រាប់បញ្ចូលទាំងការអនុញ្ញាតឲ្យ «ចុះឈ្មោះកីឡាករមុនផងដែរ» ដែលគេហៅក្នុងទ្វីបអឺរ៉ុបថា ជាការបើកទីផ្សារដោះដូរកីឡាករ ដើម្បីសម្របខ្លួនទៅតាមកម្មវិធីប្រកួតដែលត្រូវបានពន្យារពេល។
ជាធម្មតា ទីផ្សារដោះដូរកីឡាករ នឹងមិនបើកឡើយ រហូតទាល់តែរដូវកាលបច្ចុប្បន្ន បានបញ្ចប់ជាស្ថាពរ ប៉ុន្តែ ក្របខ័ណ្ឌលីកជាច្រើន ទើបតែបានចាប់ផ្តើមប្រកួតឡើងវិញ ក្រោយពីការផ្អាកកាលពីខែមីនា ហើយនិងត្រូវបញ្ចប់រហូតដល់ចុងខែកក្កដា៕
អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Sky Sports