Atalanta បានវាយបកផ្តួលក្រុមជើងខ្លាំង Lazio ៣ទល់និង២ កាលពីយប់ថ្ងៃពុធទី២៤ មិថុនា ២០២០ កន្លងទៅនេះ។គ្រាប់បាល់ចូលទីខ្លួនឯង របស់ Marten de Roon និងការស៊ុតរបស់ Sergej Milinkovic-Savic បានជួយអោយក្រុមភ្ញៀវនាំមុខមុនក្នុងលទ្ធផល២ទល់និង០។

ប៉ុន្តែការខិតខំប្រឹងប្រែងរបស់កីឡាករ Robin Gosens និង Ruslan Malinovskyi បានជួយអោយក្រុមម្ចាស់ផ្ទះតាមស្មើវិញនៅនាទីទី៦៦ មុនពេល Jose Luis Palomino រកគ្រាប់បាល់ជ័យជំនះអោយក្រុមនៅនាទីទី៨០មុនបញ្ចប់ការប្រកួត ។

បរាជ័យរបស់ក្រុមប្រជែងពាន Lazio នៅសប្តាហ៏ទី២៧ បាននាំអោយក្រុមការពារតំណែងជើងឯក Juventus បង្កើនគម្លាត ៤ ពិន្ទុ នៅកំពូលតារាងខណៈកំនត់ត្រាមិនដែលចាញ់ ២១ ប្រកួតរបស់ Lazio បានឈានដល់ទីបញ្ចប់។

គួររំលឹកផងដែរ ក្រុមរបស់គ្រូបង្វឹក Simone Inzaghi មិនដែលចាញ់ការប្រកួតលីគទេចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាគិតចាប់តាំងពីចាញ់ Inter Milan ១-០ ។ រីឯ Juventus នឹងអាចឈ្នះពាន SerieA លើកទី៩ ជាប់ៗគ្នាប្រសិនបើពួកគេឈ្នះ ១០ ប្រកួតក្នុងចំណោម ១១ ប្រកួតដែលនៅសល់ ៕

អត្ថបទ៖ Polin