អ្នកប្រដាល់មកពីជាយដែនខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា ត្រូវបានគេមើលឃើញថា បានប្តូរទម្លាប់ប្រកួតនៅលើសង្វៀន ពីការប្រកួតបែបចិត្តធម៌ ទៅជាប្រកួតបែបគ្មានប្រណី ហើយការប្តូរទម្រង់ប្រកួតបែបនេះ បានធ្វើឲ្យរូបគេ ទទួលបានជោគជ័យកាន់តែច្រើន នៅលើវិថីប្រដាល់គុនខ្មែរ។
នៅមុនការរីករាលដាលជំងឺកូវីដ១៩ ការប្រកួតរបស់ ឃីម បូរ៉ា តែងតែបង្ហាញពីការសន្តោសប្រណៃដល់ដៃគូ គឺគេកម្រវ៉ៃដៃគូឲ្យសន្លប់ណាស់ ហើយការវាយបែបស្លូតៗនោះ ក៏បានធ្វើឲ្យរូបគេជួបការខកចិត្តជាបន្តបន្ទាប់ ក្រោយការប្រកាសលទ្ធផលប្រកួត ជាផ្លូវការផងដែរ។
រឿងដែលធ្វើឲ្យ លោក ហេង ប៊ុនឃីម ជាឪពុក និង ឃីម បូរ៉ា មានការខឹងសម្បារខ្លាំង គឺការប្រកាសឲ្យចាញ់ពិន្ទុ ឈុត សេរីវ៉ាន់ថង ដាច់ នាការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀន CNC ក្នុងអំឡុងពេលប្រកួតបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់ ដើម្បីការពារជំងឺកូវីដ១៩នេះ ហើយតាំងពីពេលនោះមក ឃីម បូរ៉ា បានប្តូរយកទម្លាប់វាយសម្រុកទៅលើគូប្រកួតដោយគ្មានប្រពៃ។
នៅក្រោយការផ្លាស់ប្តូរនេះ ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង បានជួបគ្នាម្តងទៀត ក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុម២ នៅលើសង្វៀន CNC ដដែល ហើយជាលទ្ធផល បូរ៉ា បានយកឈ្នះដោយពិន្ទុដាច់ រួចបានបន្តយកឈ្នះលើ តាញ់ មករា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីឈ្នះខ្សែក្រវាត់ ទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់៦០០០ដុល្លារ ជាលើកដំបូង ក្រោយ ឃីម បូរ៉ា បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្របែបនេះ ចំនួន៥លើកកន្លងមក។
យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួន នៅលើសង្វៀនថោន ជាលើកដំបូង កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ឃីម បូរ៉ា បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ជាមួយប្រាក់រង្វាន់៣,៤លានរៀល បន្ទាប់ពីរូបគេបានបុកជង្គង់ផ្តួល សៀវ ង៉ុយ ឲ្យសន្លប់នៅទឹកទី២ ក្នុងវគ្គជម្រុះ រួចបន្តបុកជង្គង់ឲ្យ សោម វិឆ័យ សន្លប់ ដោយប្រើពេលមិនដល់៣នាទី នៅវគ្គផ្តាច់ព្រ័ត្រ ដែលមាន៩នាទីនោះ។
នៅក្រោយការផ្តួល សោម វិស័យ ឲ្យសន្លប់នេះ ឃីម បូរ៉ា បានសារភាពថា រូបគេពិតជាបាន វាយសម្រុកខ្លាំង ក្នុងបំណងផ្តួលដៃគូឲ្យសន្លប់។ បូរ៉ា បាននិយាយថា៖«ទោះការផ្តួលនេះ វាមិនទាន់បានគ្រប់១ទឹកនៃការប្រកួតគុនខ្មែរ ប៉ុន្តែយើងចូលទៅ យើងវាយសម្រុក គឺវាយយកតែម្តង ព្រោះយើងព្យាយាមផ្តួលដៃគូឲ្យសន្លប់ ដើម្បីទទួលបានប្រាក់លាន ដោយសារការប្រកួតផ្តាច់ព្រ័ត្រនេះ បើយើងមិនអាចផ្តួលគូប្រកួតឲ្យសន្លប់ ក្នុងរង្វាន់៩នាទីទេ គឺយើងមិនអាចក្លាយជាប្រាក់លានបានឡើយ»។