Mobile Legends: Bang Bang ដែលជាវិញ្ញាសាប្រកួតមួយនៃកីឡាអេឡិចត្រូនិក បានប្រកាសពីគម្រោង Project NEXT ជាផ្លូវការ ដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់បំផុតប្រចាំឆ្នាំ ហើយគម្រោងថ្មី ដែលបានប្រកាស កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះគឺក្រុមការងារអភិវឌ្ឍ បានដាក់ចេញនូវលក្ខណៈពិសេសជាច្រើន ជាពិសេសបានបន្ថែមលើការកែប្រែ Hero ថ្មី ឡូហ្គោគម្រោង Project NEXT ផ្លូវការ និងរឿងរ៉ាងអភិវឌ្ឍន៍ជាច្រើន ក៏ត្រូវបានបង្ហាញជាផ្លូវការលើកដំបូងដែរ។
គម្រោងថ្មីនេះ ជាការរៀបចំឡើងដើម្បីឲ្យ Heroes ចាស់មួយចំនួន មានលក្ខណៈពិសេសល្អឯក ក្នុងនោះក្រុមការងារ Mobile Legends: Bang Bang បានបង្កើតសមត្ថភាពជាស៊េរី ដល់ពួកគេ ដូចជា Miya ជា Heroទី១ នៅក្នុងបញ្ជីកែប្រែ និងជា Heroដំបូងរបស់ Mobile Legends: Bang Bang ដែលបានក្លាយជារូបតំណាង Iconic នៃហ្គេម ហើយការចាប់ផ្តើម Project NEXT នេះ គឺMiya នឹងបង្ហាញខ្លួនមុនគេ ក្នុងដំណើរផ្សងព្រេងថ្មីមួយ។
Mobile Legends: Bang Bang បានធ្វើការតុបតែងលំអជាពិសេសដល់ Miya ដែលរាប់ចាប់ពីសព្វាវុធ រហូតដល់ឈុតសំលៀកបំពាក់ ដែលធ្វើឲ្យ Miya កាន់តែស្រស់ស្អាត ទន់ភ្លន់ និងក្លាហាន។ លើសពីនេះទៀត ដើម្បីធ្វើឲ្យ Miya មានតួនាទីសកម្ម នៅក្នុងការប្រកួត ក្រុមការងារបានធ្វើឲ្យអាវុធរបស់នាង កាន់តែសាហាវខ្លាំងឡើងជាមុន។ ការបង្កើនសមត្ថភាពវាយប្រហារ និងជំនាញ Passive និង Skill ទី2 បានធ្វើឲ្យនាង កាន់តែមានសមត្ថភាពខ្លាំងក្លា គ្រោះថ្នាក់ និងគ្រប់គ្រងកាន់តែអស្ចារ្យ ជាពិសេសភាពប៉ិនប្រសព្វបត់បែនលឿនតាមកាលៈទេសៈ។
ជាមួយគ្នានេះ Mobile Legends: Bang Bang ក៏បានកែប្រែ Hero ផ្សេងទៀតហើយម្នាក់នេះ ជាអ្នកងុបងល់នឹង Miya និងមានក្តីរំពឹងខ្ពស់ដល់អ្នកកម្សាន្ត គឺ Alucard។ យោងតាមក្រុមការងារបានឲ្យដឹងថា ការកែប្រែចំណុចតូចៗជាច្រើនអំពី Skillsរបស់ Alucard ត្រូវបានធ្វើឡើង ប៉ុន្តែសម្រាប់រូបរាងខាងក្រៅវិញ មិនមានការកែប្រែច្រើនទេ។
ក្រោយពេលសិក្សាស្រាវជ្រាវយ៉ាងយូរតាមរយៈមតិស្ថាបនារបស់អ្នកកម្សាន្ត ក្រុមការងារ Mobile Legends: Bang Bang បានរកឃើញថា ភាគច្រើនបំផុត នៃអ្នកកម្សាន្ត ពេញចិត្តខ្លាំង ចំពោះសមត្ថភាពរបស់ Alucard ដែលជំរុញឲ្យមានការសម្រេចចិត្តមួយ ដើម្បីបង្កើនកម្រិតអតិបរមា ដល់សមត្ថភាពរបស់គាត់។
បន្ថែមលើនេះ ក្រុមអភិវឌ្ឍ បានកែសម្រួលជំនាញវាយលុកផ្នែក Passive និងដកចេញនូវជំនាញវាយប្រហាររបស់គាត់ ពេលប្រឈមនឹងគោលដៅ២។ ផ្ទុយទៅវិញ Passive ថ្មីឥឡូវនេះ អនុញ្ញាតឲ្យ Alucard មានលទ្ធភាពខ្លាំងក្លា ពេលវាយលើគោលដៅតែមួយ។ ដូចគ្នានេះ ឥទ្ធិពលនៃ lifesteal ដែលស្ថិតក្នុងកំពូលជំនាញរបស់គាត់ (Ultimate Skill) ត្រូវបានដកចញ និងដាក់ជំនួសវិញ នូវសមត្ថភាពបន្ថែមកម្លាំងវាយប្រហារ (Extra Damage) ទៅលើគោលដៅ ដែលគាត់ចង់កម្ទេច។ ជំនាញនេះ អាចជាគន្លឹះដ៏មានឥទ្ធិពលរបស់ Passive ដែលបង្កើនដល់លទ្ធផលវាយប្រហារកម្ទេចរបស់គាត់ កាន់តែអស្ចារ្យ និងខ្លាំងឡើងមួយកម្រិតទៀត។ លើសពីនេះទៀត ការតុបតែងកែប្រែ ជំនាញ និងប្រវត្តិរបស់ Heroes ក៏ត្រវបានស្ថាបនាថ្មី ទៅតាមកម្រិតផ្សេងៗគ្នាជាច្រើន។
គម្រោង Project NEXT ត្រូវបានគេរំពឹងថា នឹងក្លាយជាគម្រោងយូរអង្វែង ដែលមានគោលបំណងផ្តល់ឲ្យអ្នកកម្សាន្ត ទទួលបានបទពិសោធហ្គេមពិសេសថ្មី តាមរយៈការកែសម្រួល Heroes រូបរាង សំលេង និងព្រមទាំងទស្សនៈជាសកល។ Mobile Legends: Bang Bang មានគោលដៅឥតងាករេទេ ក្នុងការស្វះស្វែងរកទាំងគុណភាព និងភាពអស្ចារ្យ ហើយនេះជាហេតុផល ដែលឡូហ្គោផ្តាច់មុខមួយ ត្រូវបានឌីហ្សាញឡើងសម្រាប់គម្រោង Project NEXT នេះ។
ក្នុងនាមជាប្រភេទកីឡាអេឡិចត្រូនិកដែលលក់ដាច់ និងពេញនិយមលេងបំផុតជាច្រើនឆ្នាំមកហើយ វិញ្ញាសា Mobile Legends: Bang Bang បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ បង្កើនប្រសិទ្ធភាពច្នៃប្រឌិតឥតឈប់ឈរ ឆ្លើយតបទៅនឹងតម្រូវការ និងមតិស្ថាបនារបស់អ្នកកម្សាន្តគ្រប់ពេលវេលា។ ក្នុងឆ្នាំ២០១៩កន្លងទៅ Mobile Legends: Bang Bang 2.0 បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ និងទទួលបានការអបអរពីអ្នកលេងទូទាំងពិភពលោក ហេតុនេះ Project NEXT គឺជាគម្រោងដ៏មានតម្លៃ ដែលអ្នករាល់គ្នាទន្ទឹងរង់ចាំ៕