ប្រទេសអេស្ប៉ាញ៖ ក្លិប Espanyol បាន​អំពាវនាវ​ឲ្យ​ក្រប​ខ័ណ្ឌ La Liga លុប​ចោល​ការ​កាត់​ចេញ​របស់​ខ្លួន កាលពីថ្ងៃ​ចន្ទ ខណៈ​ដែល​កីឡា​បាល់​ទាត់​នៅ​អេ​ស្ប៉ាញ បន្ត​ជួប​ភាព​រង្គោះ​រង្គើ នៅ​ចុងរដូវ​កាល​នេះ ក្រោយពី​ការកើន​ឡើង​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​។

បើ​ទោះ​បី​បញ្ចប់​នៅ​បាត​តារាង​ក៏ដោយ ក្រុម Espanyol បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែ​ង​ការណ៍​មួយ​ថា បញ្ហា​​កំពុង​តែ​បន្ត​នេះបាន​ធ្វើឲ្យ «មានភាព​មិនយុត្តិ​ធម៌​យ៉ាង​ច្បាស់ ក្នុង​កីឡា ដោយ​សារ​តែក្នុង​ដំណាក់​ចុងក្រោយនៃ​ក្រប​ខ័ណ្ឌលីក​នេះ មិន​បាន​បញ្ចប់​ដូចគ្នា ក្នុង​លក្ខខណ្ឌ​ស្មើ​គ្នា​ឡើយ នៅមុន​ពេល​ការ​ព្យួរ»​។ ការ​​​ឡើង​ទៅ​ក្រប​ខ័ណ្ឌ​កំពូល និង​ការ​កាត់​ចេញ រវាង​ក្រប​ខ័ណ្ឌលីក​ទាំង​២​របស់​អេ​ស្ប៉ាញ បានក្លាយ​ជា​បញ្ហា​ចាក់​ស្រេះ​មួយ ក្រោយពីការ​ប្រកួត​រវាងក្រុម Fuenlabrada និង Deportivo La Coruna ក្នុងក្រប​ខ័ណ្ឌ Seguda នៅ​ថ្ងៃ​ចុងក្រោយ មិន​​បាន​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក​ឡើយ ដោយ​សារ​តែ​កីឡាករ​ជាច្រើន​របស់​ក្រុម Fuenlabrada បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វីរុស​កូរ៉ូ​ណា​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​សម្រាប់​ក្រុម Fuenlabrada នឹង​ធ្វើ​ឲ្យ​ពួកគេ​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ Playoff ស្រប​ពេល​ដែល Deportivo អាច​គេចផុតពី​ការ​កាត់​ចេញ ប្រសិនបើ​ពួក​គេ​ឈ្នះ ហើយ​លទ្ធផល​ពី​កា​ប្រកួតផ្សេង​ទៀត ផ្តល់​ការ​មានប្រៀប​ដល់ពួកគេ​។ ក្លិប​ដដែល​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «ផ្អែក​ទៅ​លើ​ស្ថានភាព​ទាំង​អស់​ដែល​បាន​កើត​ឡើត ចាប់​តាំងពី​វិល​ទៅ​ប្រកួត​វិញ និងករណី​ដែលបាន​កើត​ឡើង​នា​ពេល​ថ្មី​ៗនេះ ក្លិប RCD Espanyol សូម​ទាម​ទារ​ឲ្យ​លុប​ចោលការ​កាត់​ចេញ​នៅ​រដូ​វកាល​នេះ ក្នុងយុទ្ធនា​ការ​ផ្សេង​ៗ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ La Liga»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia