បរទេស៖ លោក Hansi Flick គ្រូបង្វឹករបស់ក្រុម Bayern Munich បានសាទរចំពោះការអភិវឌ្ឍដ៏មិនគួរឲ្យជឿទៅលើក្រុមរបស់លោក ក្នុងរយៈពេលត្រឹមតែ១០ខែ បើគិតចាប់តាំងពីលោកបានចូលកាន់តំណែង ក្រោយពីក្រុមយក្សរបស់អាល្លឺម៉ង់មយនេះ បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
Bayern បានឈ្នះពានក្របខ័ណ្ឌអឺរ៉ុប ជាលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ក្រោយពីបានយកឈ្នះលើក្រុម Paris Saint-Germain ក្នុងលទ្ធផល ១-០។ ក្រុមមួយនេះ បានអបអរការឈ្នះពានតាមរយៈការចាប់លោក Flick បោះចុះឡើង ក្រោយពីបានលើកពាន ដែលបានកើតឡើង តាមរយៈការតែតបាល់បញ្ចូលទីពីខ្សែបម្រើស្លាប Kingsley Coman ដែលវិវឌ្ឍចេញពីក្រុមយុវជនរបស់ក្រុម PSG។ នៅពេលជិតបញ្ចប់ការប្រកួត អ្នកចាំទី Manuel Neuer របស់ក្រុម Bayern បានបំពេញតួនាទីយ៉ាងល្អដើម្បីសង្គ្រោះបាល់ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe។ លោក Flick ដែលបានចូលកាន់តំណែង ក្រោយពីលោក Niko Kovac ត្រូវបានបណ្តេញចេញនោះ បានឲ្យដឹងថា៖ «ខ្ញុំមានមោទនភាពដោយសារតែពួកគេណាស់។
នៅពេលដែលខ្ញុំបានមើលឃើញចំណងជើងព័ត៌មាននានា កាលពីខែវិច្ឆិកា រាល់អ្វីៗដែលខ្ញុំបានអានគឺថា គ្មានក្រុមណាខ្លាចក្រុម Bayern ឡើយ។ ការអភិវឌ្ឍចាប់តាំងពីពេលនោះ ពិតជាមិនគួរឲ្យជឿ។ យើងស័ក្កសមក្នុងការឈ្នះ ដោយសារតែទម្រង់លេងនៅតង់ទី២»៕
ប្រភពព័ត៌មាន៖ Channel News Asia