បរទេស៖ ក្លិប Arsenal បានយល់ព្រមលើកិច្ចសន្យាជាអចិន្ត្រៃយ៍ជាមួយនឹងខ្សែការពារ Pablo Mari និង Cedric Soares ក្រោយពីការចំណាយពេលខ្ចីជើងរបស់ពួកគេនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៩-២០២០។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបនៅលើគេហទំព័ររបស់ពួកគេ កាលពីថ្ងៃចន្ទ។
Mari វ័យ២៦ឆ្នាំ បានផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League កាលពីខែមករា ពីក្លិប Flamengo ដែលជាក្លិបរូបគេបានជួយឲ្យឈ្នះពានក្របខ័ណ្ឌប្រេស៊ីល Serie A និងពាន Copa Libertadores កាលពីឆ្នាំមុន។ ខ្សែការពារអេស្ប៉ាញរូបនេះ បានលេង៣លើកសម្រាប់ក្លិប Arsenal នៅមុនពេលរដូវកាលរបស់គេ បានបញ្ចប់មុនពេលកំណត់ ដោយសារតែរបួសកជើង។ ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Soares វ័យ២៨ឆ្នាំ ដែលបានចូលរួមក្នុងនាមជាកីឡាករកម្ចីរយៈពេលខ្លីពីក្លិប Southampton បានបង្ហាញខ្លួន៥លើកសម្រាប់ក្រុមរបស់លោក Mikel Arteta កាលពីរដូវកាលមុន។
ជាមួយគ្នានេះ ក្លិប Arsenal ក៏បានទាក់ទងនាំយកខ្សែការពារកណ្តាល Gabriel Magalhaes ពីក្លិប Lilleផងដែរ ខណៈដែលលោក Arteta សម្លឹងរកការពង្រឹងតំបន់ការពារ នៅមុនពេលយុទ្ធនាការលិកចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា៕
ប្រភពព័ត៌មាន៖ Reuters