បរទេស៖ ក្លិប Leeds United បាន​បំ​បែកកំណត់ត្រា​របស់​ពួកគេ ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Rodrigo ពីក្លិប Valencia​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​ចុះ​កុង​ត្រា​រយៈពេល​៤​ឆ្នាំ នៅ​កីឡដ្ឋាន Elland Road ​ហើយ​នឹង​ធ្វើ​ឲ្យ​ក្លិប​ចំណូល​ថ្មី​ក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ ចំណាយ​ទឹក​ប្រាក់​៣០​លាន​ផោន (ស្មើ​នឹង​៤០​លាន​ដុល្លារ​អាមេរិក)​។

ខ្សែ​ប្រយុទ្ធ Rodrigo វ័យ​២៩​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​ជា​​អន្តរ​ជាតិ​២២​លើក​សម្រាប់​អេ​ស្ប៉ាញ ធ្លាប់​មាន​បទពិសោធ​លេង​ក្នុងក្រប​ខ័ណ្ឌ Premier League កាលពីមុន ក្រោយ​ពី​បាន​ចំណាយ​ពេលក្នុង​រដូវ​កាល​ឆ្នាំ​២០១០-២០១១ ក្នុង​នាម​ជា​កីឡាករ​កម្ចី​នៅ​ក្លិប Bolton Wanderers​។ Rodrigo គឺ​ជា​កីឡាករ​ចុងក្រោយ​គេ ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗ​ដែល​បាន​ចាក​ចេញពីក្លិប Valencia នៅ​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​កីឡាករ Dani Parejo, Francis Coquelin និង Ferran Torres។ Rodrigo បានបញ្ជាក់​ថា រូប​គេ​ពិត​ជា​រំភើប​ណាស់​ក្នុង​ចូល​រួម​ជាមួយ​នឹងក្លិប​នេះ និង​កំពុងតែ​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​ការ​ងារ​ជាមួយ​នឹងលោក Marcelo Bielsa ដែល​​ជា​មនុស្ស​ដែល​រូប​គេ​ចាត់​ទុក​ថា ជា​គ្រូបង្វឹកម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏ឆ្នើម​បំផុត​ម្នាក់​ក្នុង​កីឡា​បាល់​ទាត់​។

រូប​​គេ​បាន​ប្រាប់​គណនី Twitter របស់​ក្លិប​ថា៖ «នេះ​គឺ​ជា​ជំហាន​ថ្មីមួយ​ក្នុង​អាជីព​របស់​ខ្ញុំ ហើយខ្ញុំ​ចង់​ជួយ​ឲ្យ​ក្រុម​នេះ សម្រេច​គោល​ដៅ​នានា​ក្នុង​រដូវ​កាល​នេះ​​។ Leeds បាន​ធ្វើ​ការ​អស់​រយៈ​ពេល​២​សប្តាហ៍ ក្នុង​ការ​ផ្ទេរ​នេះ ជាមួយ​​នឹងក្លិប Valencia ហើយ​​យើង​ដឹង​ថា ក្លិប Valencia មាន​បញ្ហា​នៅពេល​នេះ ខណៈ​ដែល​យើង​មិនបាន​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League ឡើយ​»​៕

 

ប្រភព​ព័ត៌មាន៖ The Guardian