បរទេស៖ ខ្សែបម្រើដ៏ឆ្នើមអន្តរជាតិក្រូអាត Ivan Rakitic បានវិលទៅកាន់ក្លិប Sevilla ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League វិញ ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ពីក្លិប Barcelona សម្រាប់តម្លៃខ្លួនបិទជិតមួយ។
នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃអង្គារ។ Rakiticបានជួបពេលវេលាដ៏រីករាយរយៈពេល៦ឆ្នាំនៅឯក្លិប Camp Nou ដែលក្នុងអំឡុងពេលនោះ Barcelonaបានឈ្នះពានក្របខ័ណ្ឌលីកចំនួន៤ ពាន Copa del Rey ៤លើក ពានក្របខ័ណ្ឌ Champions Leagueនិង Club World Cup ១លើក។ បណ្តាញសារព័ត៌មានអេស្ប៉ាញ បានចេញផ្សាយថា តារាឆ្នើមវ័យ៣២ឆ្នាំរូបនេះ ដែលនៅជាប់កិច្ចសន្យារយៈពេល១ឆ្នាំទៀតក្នុងកុងត្រារបស់គេ មិនបានស្ថិតក្នុងក្រុម Barcelona ថ្មី ដែលលោកគ្រូបង្វឹក Ronald Koeman ត្រៀមសម្រាប់ឆ្នាំក្រោយឡើយ។
ក្លិប Sevilla បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Sevilla FC និង FC Barcelona បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរខ្សែបម្រើ Ivan Rakitic ដែលនឹងវិលទៅកាន់ក្លិបនេះជាលើកទី២ ក្រោយពីការចំណាយពេលជាលើកទី១របស់គេនៅក្នុងក្លិបនេះនាចន្លោះខែមករា ឆ្នាំ២០១១ និងខែមិថុនា ឆ្នាំ២០១៤»។ Rakitic បានធ្វើជាប្រធានក្រុមនៃក្រុម Sevilla ក្នុងពេលពួកគេបានឈ្នះពានក្របខ័ណ្ឌ Europa League កាលពីឆ្នាំ២០១៤៕
ប្រភពព័ត៌មាន៖ Channel News Asia