បរទេស៖ ក្លិប Arsenal បាន​បំពេញការ​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​ប្រេស៊ីល Gabriel Magalhaes ពី​ក្លិប Lille កាល​ពីថ្ងៃ​អង្គារ ក្នុង​តម្លៃ​ខ្លួន​២២​លានផោន (ស្មើ​នឹង​៣០​លាន​ដុល្លារ​អាមេរិក)​។

កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ នឹង​ជួយ​បន្ថែម​ជម្រើស​ក្នុង​តំបន់​ការ​ពារ​របស់លោក Mikel Arteta ខណៈ​ដែលក្រុម​កាំភ្លើង​ធំ​ សម្លឹង​រក​ការ​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​​កាល​នេះ​ក្រោយពី​ការ​អវត្ត​មាន​អស់រយៈពេល​៤​ឆ្នាំ​។ Gabriel បាន​ចូលរួម​ជា​មួយ​នឹងក្លិប Lille ក្នុង​ឆ្នាំ​២០១៧ ហើយ​ក្រោយពី​បាន​ចំណាយ​ពេល​ក្នុងនាម​ជា​កីឡាករ​កម្ចី​នៅ​ក្លិប Troyes និង Dinamo Zagreb រូប​គេ​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ចាប់​​អារម្មណ៍ ខណៈ​ដែល​ក្លិប Lille បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅ​ក្នុង​​ក្រប​ខ័ណ្ឌ Ligue 1 រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ លោក Arteta បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​មាន​គុណ​ភាព​ជាច្រើន ដែលនឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹង​មាំ​នៅក្នុង​តំបន់​ការ​ពារ និង​ក្នុងនាម​ជាក្រុម​មួយ​។ រូ​ប​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ជាស្រេច​ជាមួយ​នឹងក្លិប Lille ថា រូប​​គេ​ជា​ខ្សែ​ការ​ពារ​ម្នាក់ ដែល​មាន​កម្រិត​សមត្ថភាព​ដ៏អស្ចារ្យ ហើយ​យើង​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍ​រូប​គេ​ឲ្យ​ទៅ​ជា​កីឡាករ​ម្នាក់​របស់ Arsenal​»​។

Gabriel នឹង​ធ្វើ​ឲ្យ​ចំនួន​​កីឡាករ​ប្រេស៊ីល​មាន​កាន់​តែ​ច្រើន​ក្នុងក្រុម Arsenal បើ​គិត​ចាប់​តាំងពី​អតីត​​ខ្សែ​បម្រើរបស់​ក្លិប​នេះ​គឺ​​លោក Edu បាន​ចាកចេញ​ពី​តួនាទី​របស់​លោក​ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដើម្បី​ក្លាយ​ជា​ប្រធាន​បច្ចេក​ទេស កាលពីឆ្នាំមុន​។ Gabriel នឹង​ចូល​រួម​ជាមួយ​នឹង​​កីឡាករ​ប្រេស៊ីល​ដូច​គ្នា David Luiz និង Willian ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Arsenal អំឡុង​​ពេល​នៃ​ការ​បិទ​រដូវ​កាល​មក​ទល់​ពេលនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia