បរទេស៖ កីឡាករ Van de Beek បានក្លាយជាសមាជិកថ្មីសម្រាប់ក្រុមបិសាចក្រហម Ole Gunnar Solskjaer ក្រោយផ្ទេរពីក្លឹប Ajax ក្នុងតម្លៃ៤០លានផោន នៅរដូវក្តៅកាលពីសប្តាហ៍មុនខណៈពេលបច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិន័រវេ កំពុងផ្តោតអារម្មណ៍លើកីឡាករផ្សេង បន្ថែមទៀត។
បើទោះបីជាម្ចាស់ជើងឯកអង់គ្លេស ២០សម័យបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្របខណ្ឌ Premier League កាលពីរដូវកាលមុននិងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EuropaLeague នៅតែចាប់អារម្មណ៏ចង់បានកីឡាករឆ្នើមមួយចំនួនទៀតមានដូចជាៈខ្សែបម្រើអន្តរជាតិអង់គ្លេស Jadon Sancho និង Jack Grealish, ខ្សែការពារឆ្វេងអន្តរជាតិប្រេស៊ីលរបស់ក្លឹប Porto កីឡាករ AlexTelles និងកីឡាករអន្តរជាតិអេស្បាញ Sergio Reguilon របស់ក្លឹប Sevilla មកកាន់ទឹកដី Old Trafford ។
ផ្តោតលើបញ្ហានេះអតីតខ្សែការពារ និងជាវីរបុរសក្រុម Man.Utd លោក Gary Neville បានបង្ហាញការយល់ឃើញថាអតីតក្លឹបរបស់លោកត្រូវការគឺ ខ្សែការពារឆ្វេង១នាក់ ខ្សែការពារកណ្តាល១នាក់ និង ខ្សែប្រយុទ្ធម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ នៅថ្ងៃទី ៥ ខែតុលាដោយ ខណៈដែលពួកគេចង់ប្រជែងពានលីកកំពូលអង់គ្លេសជាមួយក្រុមការពារតំណែងជើងឯកគឺហង្សក្រហម Liverpool និងគូប្រជែងរួមទីក្រុងគឺក្លឹប Manchester City៕
ប្រភពព័ត៍មាន៖ Metro


