បរទេស៖ យោងតាមសារព័ត៌មាន The Sun បាន ឲ្យដឹង ថាក្រុម Leeds United នៅតែមិនបោះបង់ក្តីបំណងក្នុងការប៉ុនប៉ងចុះហត្ថលេខាខ្សែបម្រើ Daniel James ក្រោយពីខកខានផ្ទេរយករូបគេកាលពីឆ្នាំមុន។

កីឡាករសញ្ជាតិវែលរូបនេះកំពុងប្រឈមនិងការមិនបានបង្ហាញទម្រង់លេង ទៀងទាត់ក្នុងជម្រើស១១នាក់ដំបូងខណៈក្រុមម្ចាស់ជើងឯក ChampionShip ជឿជាក់ថាពួកគេអាចចុះហត្ថលេខាលើរូបគេក្នុងតម្លៃ ១២ លានផោនបូករួមផលប្រយោជន៏ផ្សេងទៀត ។គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Marcelo Bielsa គឺជាបុគ្គលម្នាក់ដែល កោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ James ហើយចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាករបញ្ចប់។

មួយវិញទៀតឱកាសរបស់ Leeds កាន់តែមានច្រើនប្រសិនជា Man United អាចចុះហត្ថលេខា Jadon Sancho ពី Borussia Dortmund មកបាន។ទោះយ៉ាងណា បិសាចក្រហមមិនទំនងជាមិនលក់កីឡាករឆ្នើមរូបនេះ ឱ្យគូប្រជែងជិតដិតរបស់ពួកគេឡើយខណៈគ្រូបង្វឹក Ole Gunnar Solskjaer នៅតែចាត់ទុក James ក្នុងបញ្ជីប្រើប្រាស់សម្រាប់ក្រុមនៅឡើយ៕
ប្រភពព័ត៍មាន៖ Tribuna
