បរទេស៖ ក្លិប Manchester City បានយល់​ព្រម​​​លើ​ការ​ព្រម​ព្រៀង​គ្នា​មួយ ដើម្បី​​ទិញយកខ្សែ​ការ​ពារ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Ruben Dias ពីក្លិប Benfica ក្នុង​តម្លៃ​ខ្លួន៦៥​លានផោន (ស្មើនឹង​៨៣​លាន​ដុល្លារ​អាមេរិក)​។

ដោយឡែក ខ្សែ​ការ​ពារ​អាហ្សង់ទីន Nicolas Otamendi វ័យ​៣២​ឆ្នាំ​របស់​ក្លិប Man City នឹង​ផ្ទេរ​ទៅកាន់​ក្លិប Benfica ជំនួស​វិញ​ក្នុង​តម្លៃខ្លួន​១៣,៧​លាន​ផោន​។ ខ្សែ​​ការ​ពារ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Dias បាន​យល់​ព្រម​លើ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ ជាមួយនឹងក្រុម​របស់​លោក Pep Guardiola ស្រប​ពេល​ដែល Otamendi នឹង​ចូលរួម​ជាមួយនឹង Benfica ក្នុងកិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​។ តារាឆ្នើមអន្តរ​ជាតិ​អា​ហ្សង់​ទីន​រូបនេះ នឹង​ចាក​ចេញពីក្លិប Man City ក្រោយ​ពីបាន​ចំណាយ​ពេល់​អស់​៥​រដូវ​កាល​ នៅ​កីឡដ្ឋាន Etihad​។

បច្ចុប្បន្ន Dias នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Manchester ដើម្បី​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព និង​គួរ​តែ​បង្ហាញ​មុខ​ជាផ្លូវ​ការ​នៅ​សប្តាហ៍​នេះ​។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ គឺ​ជា​សមិទ្ធ​ផល​ចេញពី​ប្រព័ន្ធ​យុវ​ជន​របស់​ក្លបិ Benfica និង​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​១៩​លើក​។ Dias បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​​​ការ​ប្រកួត ក្នុង​​ពេលក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​បាន​យកឈ្នះ​លើក្រុមហូ​ឡង់​ក្នុងការប្រកួត​ពាន Nations League ឆ្នាំ​២០១៩​។ លោក Guardiola បាន​ទិញ​​ចូល​ខ្សែ​ការ​ពារ Nathan Aké រួចជាស្រេច​នៅ​រដូវ​ក្តៅនេះ ដើម្បី​ពង្រឹង​តំបន់​ការពារ​៕

 

ប្រភព​ព័ត៌​មាន៖ BBC