បរទេស៖ ក្លឹប Red Bull Salzburg បានសម្រេចអនុវត្តនិតិវិធីដាក់កីឡាករអោយនៅដាច់ដោយឡែកនិងមិនអនុញ្ញាតិអោយកីឡាករពួកគេ ចូលរួមការប្រកួតជាលក្ខណៈ អន្តរជាតិនោះទេបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរកឃើញមានកីឡាករបីរូបមានមេរោគកូវីត-១៩ ។

ក្លិបនៅលីគកំពូលអូទ្រីសមួយនេះបានបញ្ជាក់ជាផ្លូវការណ៏ ថាលទ្ធផលវិជ្ជមានបានកើតឡើងបន្ទាប់ពីការប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប Champions League របស់ពួកគេជាមួយក្លឹបអ៊ីស្រអែល Maccabi Tel Aviv កាលពីថ្ងៃពុធ។ គួរបញ្ជាក់ថាកីឡាករទាំងបីរូបនោះ មិនត្រូវបានក្លឹបបញ្ចេញឈ្មោះអោយដឹងនោះទេ និងកំពុងស្ថិតនៅដាច់ដោយឡែកពីមិត្តរួមក្រុមដទៃទៀតដែលមិនមានជំងឺនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លឹប Salzburg បានបញ្ជាក់ផងដែរថាកីឡាករដែលមាន ឈ្មោះសម្រាប់ការប្រកួតអោយក្រុមជម្រើសជាតិ ក្នុងរយៈពេលពីរសប្តាហ៍ទៀតត្រូវបានបដិសេធ ក្លឹបក៏បានអោយកីឡាករដែលមិនបាន ឆ្លងជំងឺនេះធ្វើដំណើរទៅមកពីទីស្នាក់នៅ និង កន្លែងហ្វឹកហាត់ព្រមទាំងទីតាំងប្រកួតតែប៉ុណ្ណោះ ។ ទោះបីជាជួបបញ្ហាបែបនេះក្តីក្លឹប Salzburg នៅតែធ្វើបានល្អដោយលត់ក្រុមភ្ញៀវ Hartberg ក្នុងលទ្ធផលដល់ទៅ៧ទល់និង១កាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕
ប្រភពព័ត៍មាន៖ BBC
