បរទេស៖ តា​រាឆ្នើម Sadio Mane របស់​ក្លិប Liverpool បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ខណៈដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ ក្នុង​ប្រទេស​ហ្គីណេ កាលពីថ្ងៃ​អាទិត្យ ដើម្បី​ក្លាយ​ជា​ក្រុម​ជម្រើស​​ជាតិ​ទី​២ ដែល​បាន​ឈ្នះ​កៅអី​ទៅ​លេងក្នុង​យុទ្ធនា​ការ African Cup of Nations ជុំ​ផ្តាច់​ព្រ័ត្រ ឆ្នាំ​២០២២ បន្ទាប់​ពីក្រុម​ម្ចាស់ផ្ទះ​កាមេរូន​។

កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី នៅ​នាទី ទី​៨២ នៅ​ពេល​ដែល​ប្រកួត​​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហ្គីណេ ដែល​ត្រូវ​បាន​កាត់​បន្ថយ​នៅ​សល់​សមា​ជិក​១០​នាក់ ក្រោយពី​កីឡាករ Jorge ‘Bura’ Nogueira បាន​រង​ពិន័យ​កាតក្រហម នៅពាក់​កណ្តាល់​តង់​ទី​២​។ ក្នុង​ការ​ប្រកួត​ជម្រុះ​នេះ Mane បាន​ជួប​ការ​ច​ងចាំ​ដ៏ល្អ ខណៈ​ដែល​រូប​គេ​រក​បាន​គ្រាប់​បាល់​​ទី​១​របស់​គេ និង​បាន​​​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​គ្រាប់​បាល់​ទី​២ នៅ​ពេល​ដែលក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្គីណេ ២-០ ក្បែរ​ទីក្រុង Dakar កាលពីថ្ងៃពុធ សប្តាហ៍​មុន​។

ជ័យ​ជម្នះ​ទាំង​២​ជើង​នេះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ ដែល​បច្ចុប្បន្នជាក្រុម​មាន​ចំណាត់​ថ្នាក់​លេខ១ប្រចាំ​ទ្វីប​អាហ្វ្រិក ដណ្តើម​បាន​១២ពិន្ទុ​ពេញ ពីការ​ប្រកួត​៤លើក​ក្នុងពូល I ហើយពួក​គេ​បាន​ឈ្នះ​សិទ្ធិ ខណៈដែល​នៅ​សល់​២​ប្រកួត​ទៀត​។ សេណេ​ហ្គាល់ នឹង​ត្រូវ​បំពេញ​ការ​ប្រកួត​របស់​ខ្លួន​នៅ​ចន្លោះ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​៣០ ខែមីនា តាមរយៈការ​ធ្វើ​ដំណើរទៅកាន់​ប្រទេស​កុង​ហ្គោ និង​ធ្វើ​ជាម្ចាស់​ផ្ទះក្រុម​អ៊ី​ស្វាទីនី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia