បរទេស៖ ក្រុមសារិកាព្រៃ Newcastle បានដាក់សំណើរកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែការពារ Marcos Rojo ពីក្លឹបបិសាចក្រហមនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា ២០២១ខាងមុខនេះ ។
ក្រៅពី Newcastle មានដូចជាក្រុមឈរនៅចំណាត់ថ្នាក់បាតតារាងគឺ Sheffield United ក៏បានដាក់សំណើរចង់បានកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣០ ឆ្នាំរូបនេះមករួមក្រុមរបស់ខ្លួន បន្ទាប់ពីរូបគេសម្តែងអារម្មណ៏ចង់ចាកចេញពីទឹកដី Old Trafford ដើម្បីមានឪកាសបានចូលលេងជាមួយក្លឹបនៅក្របខណ្ឌ Premier League បានសាជាថ្មីឡើងវិញ ។
គួរបញ្ជាក់លោក Steve Bruce គ្រូបង្វឹកក្រុម Newcastle ចង់បានខ្សែការពារកណ្តាលម្នាក់ទៀតមកពង្រឹងក្រុម ពិសេស Rojo អាចនិងលេងគាំទ្រនៅខ្សែបម្រើស្លាបឆ្វេងបាននោះ។ យ៉ាងណាមិញមានក្លឹប២នៅលីកកំពូលអេស្បាញតែមិនត្រូវបានបញ្ចេញអត្តសញ្ញាណក៏ចាប់អារម្មណ៏នាំយកអតីតកីឡាករ Sporting CP រូបនេះ ទៅរួមក្រុម ប៉ុន្តែ Rojo បង្ហាញចេតនាចង់នៅអង់គ្លេសបន្តទៀត ក្រោយចំណាយពេលចាប់តាំងពីខែសីហាឆ្នាំ ២០១៤ មកម្លេះមុនពេលត្រូវក្លឹប Estudiantes ខ្ចីជើងកាលពីឆ្នាំមុន៕
ប្រភពព័ត៍មាន៖ The Sun