បរទេស៖ កីឡាករ Axel Tuanzebe របស់ក្រុមបិសាចក្រហម Manchester United បានលុបចោលនូវការបង្ហោះពាក្យពេចន៏ប្រតិកម្មលើបណ្តាញសង្គម Instagram វិញបន្ទាប់ពីខ្សែការពាររូបនេះត្រូវបានរងការ រើសអើងជាតិសាសន៍ពេល Man Utd ចាញ់ក្រុមបាតតារាង Sheffield United ក្នុងទឹកដីខ្លួនឯងកាលពីរាត្រីថ្ងៃពុធ។ ការពិត Tuanzebe មិនអាចទប់អារម្មណ៏បានជាមួយនិងការប្រើប្រាស់ក្នុងន័យប្រៀបប្រដូចរូបគេទៅនិងសត្វស្វា។

កីឡាករអន្តរជាតិកុងហ្គូវ័យ២៣ឆ្នាំរូបនេះមានឪកាសបង្ហាញសមត្ថភាពក្នុងជម្រើស១១នាក់ដំបូងក្នុងក្រុមលោក Ole Gunnar Solskjaer បន្ទាប់ពី Eric Bailly បានរងរបួសនៅមុនការប្រកួត។ ទោះយ៉ាងណា Tuanzebe រងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមក្រោយពីមិនអាចរារាំងពីការរកគ្រាប់បាល់របស់កីឡាករ Oliver Burke នៅគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវនានាទីទី១០ បាននោះទេ។
![]()
Tuanzebe បានប្តូរទីលំនៅទៅចក្រភពអង់គ្លេសក្នុងពេលមានអាយុទើបតែ ៤ ឆ្នាំនិងបានចូលហ្វឹកហាត់ ក្នុងយុវជនថ្នាលក្លឹប នៅអាយុ ៨ ឆ្នាំក្រោយមកបានបង្ហាញខ្លួនចូលលេងក្នុងឈុតធំ ដំបូង ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ ២០១៧៕
ប្រភពព័ត៍មាន៖ Metro
