បរទេស៖ ក្លិប​ហង្ស​ក្រហម Liverpool បាន​ពង្រឹង​តំបន់​ការ​ពារ​​ដែល​កំពុង​ញាំ​ញី​ដោយ​របួស​របស់​ខ្លួន តាមរយៈ​ការ​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ការ​ពារ​កណ្តាល Ben Davies ពីក្លិប Preston North End របស់​ក្រប​ខ័ណ្ឌ Championship កាលពីថ្ងៃចន្ទ​។

បណ្តាញ​សារ​​ព័ត៌​មាន​ចក្រ​ភព​អង់គ្លេស បាន​ចេញផ្សាយ​ថា ក្រុម​ម្ចាស់​ជើង​ឯក​​អង់គ្លេស​មួយ​នេះ បាន​ផ្តល់​តម្លៃ​ខ្លួន​ឲ្យ​ក្លិប Preston ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា​២លាន​ផោន (ស្មើនឹង​២,៧៤លាន​ដុល្លារ​អាមេរិក) សម្រាប់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ដែល​ចូល​រួម​នៅកីឡដ្ឋាន Anfield ក្នុងកិច្ច​សន្យា​រយៈ​ពេល​វែង​។ Davies បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «នេះ​គឺ​ជា​ឱកាស​មួយ​ដ៏ធំ​។ ពិត​ណាស់ វា​បាន​កើត​ឡើង​ជាមួយនឹង​ភាព​ភ្ញាក់​ផ្អើល​បន្តិច នៅពេល​ដែល​​ព័ត៌​មាន​ផ្ទុះ​ឡើង ប៉ុន្តែ នៅពេល​ដែលអ្នក​ចាប់​ផ្តើម​គិត​លើ​ឱកាស​នោះ ឱកាស​ដែល​ស្ថិត​នៅ​ពី​មុខ​ខ្ញុំ ពិត​ជា​ឱកាស​ដ៏​កម្រ​មួយ​»​។

ខ្សែ​ការ​ពារ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្កួត​ដែល​មិន​ចាប់​យក​ឱកាសនោះ និង​រៀន​ពី​កីឡាករ​នៅ​ក្នុងក្លិប​។ ខ្ញុំ​មិន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ឡើយ ហើយ​ខ្ញុំ​ក៏មិន​ទាន់ទស្ស​ន​កិច្ច​ជុំ​វិញ​កីឡដ្ឋាន​ផង​ដែរ​។ ខ្ញុំ​គ្រាន់​តែមើល​ចុះ​ឡើង​បន្តិច និង​សម្លឹងមើលទីលាន​ប្រកួត ហើយ​ទីលាន​ហាក់ដូច​ជា​កម្រាល​ព្រំ​អ៊ី​ចឹង ដែល​ដូច​នឹង​ការ​រំពឹង​ទុក​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia