បរទេស៖ ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ទម្រង់លេង Erling Braut Haaland របស់​ក្លិប Borussia Dortmund នឹង​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៥​ក្រុម​ចុងក្រោយ ជើង​ទី​២ នៅ​លើ​ទឹកដីខ្លួន​ឯង​ជា​មួយ​នឹងក្រុម Sevilla នៅ​​រាត្រីនេះ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Edin Terzic កាលពី​ថ្ងៃ​ចន្ទ​។ Haaland វ័យ​២០​ឆ្នាំ ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​២៩​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​២៨​លើក​នៅ​រដូវ​កាល​នេះ បាន​ស្ថិតក្នុង​ភាព​មិនច្បាស់​ ក្រោយពី​បាន​ចាក​ចេញ​ពី​ទីលាន​ប្រកួតនៅ​នាទី ទី​៦០ ក្នុង​ពេល​ក្រុម​ខ្លួន​ចាញ់​ក្រុម Bayern Munich ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Bundesliga កាល​ពីថ្ងៃ​សៅរ៍​​។ ខណៈ​ដែលក្រុម​ខ្លួន​កំពុង​តែ​នាំមុខ ៣-២ ពី​ការ​ប្រកួត​ជើង​ទី​១ ក្នុង​ប្រទេស​អេ​ស្ប៉ាញ លោក Terzic បាន​​ឲ្យដឹងថា៖ «Erling កំពុង​តែ​ធ្វើ​បាន​យ៉ាងល្អ​​។ រូប​គេ​បាន​ចូលរួមការ​ហ្វឹកហាត់​នៅ​ព្រឹក​នេះ ហើយ​យើង​គិត​ថា រូប​​គេ​នឹង​ចូលលេង​បាននៅ​ថ្ងៃ​ស្អែក​នេះ​»​។ Dortmund នឹង​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស Jadon Sancho ក្រោយពី​រូប​គេ​បាន​រង​របួស​សាច់​ដុំ ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​លើក្រុម​ Borussia Moenchengladbach ក្នុងការ​ប្រកួត​ពាន German Cup វគ្គ​៨​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​អង្គារ​។

លោក Terzic បាន​ឲ្យដឹងថា៖ «Jadon នឹង​​មិន​ស្ថិតនៅ​ជាមួយ​យើង​ក្នុង​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ទៀត​»​។ ជា​មួយ​គ្នា​នេះ ខ្សែ​ការ​ពារព័រ​ទុយ​ហ្គាល់ Raphael Guerreiro និង​ខ្សែ​បម្រើ Giovanni Reyna នៅ​តែ​ស្ថិតក្នុងភាពមិនច្បាស់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia